Feature

មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំឱ្យបន្តជំរុញការផ្តល់ និងបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនពលរដ្ឋបានគ្រប់ៗគ្នា

ភ្នំពេញ ៖ លោក ប៉ាវ ហមផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានណែនាំឱ្យបន្តជំរុញការផ្តល់ និងបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្នា រួមទាំងប្រជាពលរដ្ឋខ្មែរចំណាកស្រុក និងប្រជាពលរដ្ឋខ្មែរទើបវិលត្រឡប់មកពីបរទេស។

ក្នុងពិធីបើកកិច្ចប្រជុំ ស្ដីពីការផ្សព្វផ្សាយការដាក់ឱ្យអនុវត្តយន្តការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមបណ្ដាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ជូនប្រជាពលរដ្ឋខ្មែរចំណាកស្រុក នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ លោក រដ្ឋលេខាធិការ ថា ដើម្បីធានាឱ្យការអនុវត្តយន្តការថ្មីនេះ ទទួលបានជោគជ័យ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ត្រូវបន្តធានាការគាំទ្រផ្នែកបច្ចេកទេស ការតភ្ជាប់ប្រព័ន្ធទិន្នន័យ និងការណែនាំបច្ចេកទេសជាប្រចាំ ដល់បណ្តាស្នងការដ្ឋាន នគរបាលរាជធានី ខេត្ត ដើម្បីធានាឱ្យការអនុវត្តមានភាពរលូន ឯកភាព និងមាន ប្រសិទ្ធភាព។

លោក រដ្ឋលេខាធិការ បន្ថែមថា ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវរៀបចំកម្លាំង មធ្យោបាយ និង លក្ខខណ្ឌចាំបាច់នានា ឱ្យបានគ្រប់គ្រាន់ សម្រាប់ទទួល និងផ្តល់សេវាជូនប្រជា ពលរដ្ឋទូទៅ និងប្រជាពលរដ្ឋចំណាកស្រុក ប្រកបដោយភាពរហ័សរហួន ត្រឹមត្រូវ និងមានទំនួលខុសត្រូវខ្ពស់។ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវសហការផ្សព្វផ្សាយឱ្យបានទូលំ ទូលាយ អំពីយន្តការថ្មីនេះ ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹងច្បាស់ និងអាចទទួល បានសេវាដោយងាយស្រួល នៅស្នងការដ្ឋាននគរបាលរាជធានីខេត្ត ឬទីតាំងចល័ត ណាមួយតាមការរៀបចំចាំបាច់របស់ស្នងការដ្ឋាន។

លោក រដ្ឋលេខាធិការ បានឱ្យដឹងថា មន្ត្រីផ្តល់សេវាទាំងអស់ ត្រូវគោរពឱ្យបានម៉ឺងម៉ាត់នូវនីតិវិធី និងបទដ្ឋាន បច្ចេកទេសដែលបានកំណត់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍សុចរិតភាព តម្លា ភាព គណនេយ្យភាព និងការបម្រើប្រជាពលរដ្ឋដោយស្មារតីទទួលខុសត្រូវខ្ពស់។

លោក រដ្ឋលេខាធិការ គូសបញ្ជាក់ថា «ត្រូវបន្តជំរុញការផ្តល់ និងបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្នា រួមទាំងប្រជាពលរដ្ឋខ្មែរចំណាកស្រុក និងប្រជា ពលរដ្ឋខ្មែរដែលទើបវិលត្រឡប់មកពីបរទេស ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងសេចក្តីណែនាំជាធរមានរបស់ក្រសួងមហាផ្ទៃ។ ត្រូវពង្រឹងការតាមដាន វាយតម្លៃ និងរាយការណ៍អំពីវឌ្ឍនភាព បញ្ហា ប្រឈម និងសំណូមពរនានា ក្នុងអំឡុងពេលអនុវត្ត ដើម្បីអាចធ្វើការកែលម្អ និង ដោះស្រាយបញ្ហាបានទាន់ពេលវេលា»៕

To Top