សាស្ត្រាចារ្យ ឈាង រ៉ា ៖ មូលដ្ឋានសុខាភិបាល បានបង្កើនទំនុកចិត្ត ជូនប្រជាជនកាន់តែច្រើន
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា មូលដ្ឋានសុខាភិបាល បានបង្កើននូវទំនុកចិត្តជូនប្រជាជនកាន់តែច្រើនដែលមកទទួលសេវាសុខាភិបាលតាមតម្រូវការ ។

ក្នុងឱកាសដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១២១ ដែលមានមន្រ្តីសុខាភិបាល គ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ(Zoom) សរុបចំនួន៣១១៧នាក់ លោកសាស្ត្រាចារ្យ ឈាង រ៉ា បានថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំផ្តល់សេវាសុខាភិបាល រហូតទទួលបានការវាយតំលៃជាវិជ្ជមាន ពីថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល និងបានជំរុញឱ្យមន្រ្តីសុខាភិបាល រក្សារូបភាពវិជ្ជមាននេះឱ្យមាននិរន្តរភាព។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកប្រធានបទទាក់ទងនឹងការកំណត់គោលដៅ ក្នុងផែនការដែលទាមទារឱ្យមានការយល់ដឹងស្ថានភាពបច្ចុប្បន្នជាមុនសិន និងមានភាពក្លាហាន ក្នុងការកំណត់គោលដៅខាងមុខ។ បន្ថែមពីនេះ ការធ្វើផែនការក៏តម្រូវឱ្យមានការគិតគូរទៅលើអាទិភាព ដែលផ្តោតទៅលើភាពបន្ទាន់ និងភាពសំខាន់របស់គោលដៅទាំងនោះ។

ជាកិច្ចបន្ត ក្រុមការងារនៃមណ្ឌលសុខភាពស្វាយជុក នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង បានធ្វើបទបង្ហាញចែករំលែកសមិទ្ធផលការងារ បស់ខ្លួនរហូតក្លាយទៅជាមណ្ឌលសុខភាពគំរូមួយ។ មណ្ឌលសុខភាពស្វាយជុក បានបញ្ជក់ថា ការរួបរួមសាមគ្គីគ្នា រវាងបុគ្គលិកមណ្ឌលសុខភាព និងការសហការល្អរវាងមណ្ឌលសុខភាព និងអាជ្ញាធរឃុំស្វាយជុកជាចំណុចខ្លាំងរបស់មណ្ឌលសុខភាព។ ជាលទ្ធផលការសហការល្អនេះបានជំរុញឱ្យមណ្ឌលសុខភាពស្វាយជុក ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សហគមន៍ និង ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ត្រឡាចនៅក្នុងដំណើរអភិវឌ្ឍខ្លួន ឱ្យទៅជាមណ្ឌលសុខភាពគំរូថ្នាក់ជាតិ៕








