Feature

រដ្ឋមន្ត្រីកសិកម្ម ប្រកាសទទួលស្គាល់ «សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា»

ភ្នំពេញ ៖ នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ «សហភាពសហគមន៍ កសិកម្មទំនើបកម្ពុជា» ដែលបានរៀបចំឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ថ្លែងទៅកាន់អង្គពិធី លោករដ្ឋមន្ត្រី បានលើកឡើងថា កម្មវិធីនាថ្ងៃនេះគឺជាប្រវត្តិសាស្ត្រថ្មីមួយក្នុងការចងក្រង «សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា» ដើម្បីពង្រឹងបន្ថែមលើរចនាសម្ព័ន្ធដែលមានស្រាប់ ឱ្យកាន់តែមានភាពរឹងមាំ ក្នុងគោលបំណងធានាបាននូវការតភ្ជាប់ទីផ្សារ ការគ្រប់គ្រងហិរញ្ញវត្ថុ ការសម្របសម្រួលបច្ចេកទេស និងការរៀបចំផែនការយុទ្ធសាស្ត្រវិនិយោគ។ ជាពិសេស ការដឹកនាំប្រកបដោយសមត្ថភាពវិជ្ជាជីវៈ និងតម្លាភាពខ្ពស់។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួង មន្ត្រីជំនាញ ក៏ដូចជាថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មទំនើបទាំងអស់ ដែលបានខិតខំពង្រឹង ពង្រីក និងបំពេញបន្ថែមនូវចំណុចខ្វះខាតនានា ព្រមទាំងបានលើកទឹកចិត្តឱ្យបន្តអភិវឌ្ឍបន្ថែមទៀត។

លោករដ្ឋមន្ត្រី បានសម្តែងការអបអរសាទរចំពោះការទទួលស្គាល់ជាផ្លូវការនៃ «សហភាពសហគមន៍កសិកម្មទំនើប» ដែលទទួលបានការស្ម័គ្រចិត្តចូលរួមគាំទ្រពីសំណាក់សហគមន៍កសិកម្មទំនើបចំនួន ៣២៕

ក្នុងឱកាសនោះដែរ ឯកឧត្តមបានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍ទាំងអស់ ត្រូវគិតគូរពីផលប្រយោជន៍រួម ដើម្បីទទួលបានផលចំណេញរួមគ្នា ដោយឈរលើគោលការណ៍ស្មោះត្រង់ បង្កើនទំនុកចិត្ត អភិបាលកិច្ចល្អ និងការជឿជាក់គ្នាទៅវិញទៅមក ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕

To Top