Feature

សម្តេចតេជោ ប្រើពាក្យភូមិសាស្រ្តបាល់ទាត់ ខណៈប្រទេសក្រីក្រ ចូលប្រកួតបាល់ទាត់ពិភពលោក ជូនដំណើរប្រទេស អ្នកមានត្រឡប់ទៅមុន

ភ្នំពេញ ៖ ខណៈការប្រកួតបាល់ទាត់ ពិភពលោកឆ្នាំ២០២៦ (FIFA World Cup) កំពុងតែដំណើរការ សម្តេចតេជោ ហ៊ុន សែន បានប្រើពាក្យ “ភូមិសាស្រ្តបាល់ទាត់” ដោយសារប្រទេសអ្នកក្រ ដែលបានចូលរួមប្រកួត បានជូនដំណើរប្រទេសអ្នក មានត្រឡប់ទៅវិញជាបណ្តើរហើយ ។

តាមរយៈការប្រើពាក្យ “ភូមិសាស្រ្តបាល់ទាត់” សម្តេចតេជោបានពន្យល់ថា ប៉ុន្មានថ្ងៃមុន សម្តេចបាននិយាយពី “បាល់មូល” ក្រោយការប្រកួតកន្លងមក និងយប់កន្លងទៅនេះ គួរតែចាប់ផ្តើមនិយាយពី “ភូមិសាស្ត្របាល់ទាត់” ដែលខុសពីភូមិសាស្ត្រ នយោបាយទាំងស្រុង ។
ពេលមុនសម្តេចតែងនិយាយថា លើពិភពលោកស្តង់ដាអន្តរជាតិ មានតែក្នុងវិស័យកីឡាមួយប៉ុណ្ណោះ។

តាមរយៈបណ្តាញសង្គមសម្តេចតេជោ បានបន្តពន្យល់ថា ឆ្លងកាត់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦នេះ សង្កេតឃើញថា ភូមិសាស្ត្របាល់ទាត់ កំពុងប្រែប្រួលយ៉ាងខ្លាំង តាមរយៈវត្តមានក្រុមកីឡា មកពីប្រទេស ដែលមានប្រជាជនតិច និងជាប្រទេសកំពុងអភិវឌ្ឍន៍ ។ វត្តមានកាន់តែច្រើន នៃប្រទេសក្រីក្រ និងចំនួនប្រជាជនតិច បានបង្ហាញថា បាល់ទាត់មិនរើសអើងប្រទេសមាន ឬក្រ ប្រទេសមានប្រជាជនច្រើន ឬតិចនោះទេដែលនេះជា “ភូមិសាស្ត្របាល់ទាត់” ដែលនេះខុសគ្នាទាំងស្រុងជាមួយភូមិសាស្ត្រនយោបាយដែលពិភពលោក កំពុងជ្រួលច្របល់បាត់សណ្តាប់ធ្នាប់ ។

សម្តេចតេជោមានប្រសាសន៍ទៀតថា ក្រុមបាល់ទាត់មកពីប្រទេសក្រីក្រ បានជួយជូនដំណើរក្រុមកីឡា ពីប្រទេសអ្នកមានត្រឡប់ទៅប្រទេសវិញ តាំងពីប្រកួតសន្សំពិន្ទុរហូតដល់ការប្រកួត៣២ក្រុម និងប្រសិនមិនអាចយកឈ្នះ ក៏ធ្វើឲ្យប្រទេសអ្នកមានមានការព្រួយបារម្មណ៍ពេលក្រុមបាល់ទាត់ មកពីប្រទេសក្រីក្រទាត់បញ្ចូលទីឡើងប៉ោងសំណាញ់ ។

សម្តេចតេជោសង្កត់ធ្ងន់ថា យោងតាមការប្រែប្រួល នៃភូមិសាស្ត្របាល់ទាត់បែបនេះ ពេលណាមួយប្រទេសក្រីក្រ ប្រជាជនតិច នឹងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ។

សម្តេចតេជោបញ្ជាក់ថា “ខ្ញុំមិនដឹងថា នៅលើពិភពលោកនេះ មានអ្នកធ្លាប់ប្រើពាក្យ ភូមិសាស្ត្របាល់ទាត់ហើយឬនៅទេ? ប៉ុន្តែសម្រាប់ខ្ញុំឱកាសត្បូង ត្បូងបាននិងកំពុងមកដល់ហើយ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់” ៕

To Top