ព័ត៌មានជាតិ

សម្តេចធិបតី ៖ រាជរដ្ឋាភិបាលបើកចំហរ សម្រាប់សមាគម អង្គការ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលនៅតែបន្ត បើកចំហរសម្រាប់បណ្តា អង្គការសង្គមស៊ីវិលក្នុងការធ្វើជាដៃគូ ជាមួយរាជរដ្ឋាភិបាល ។

ការមានប្រសាសន៍របស់សម្តេចធិបតីបែបនេះ ដោយសារមានអង្គការខ្លះនៅតែបន្តចោទប្រកាន់មកលើរាជរដ្ឋាភិបាលថា នៅតែបន្តបំបិទសិទ្ធិសេរីភាពអង្គការសង្គមស៊ីវិល នានាកំពុងមានវត្តនៅកម្ពុជា ។

ក្នុងឱកាសអញ្ជើញអបអរខួប៣០ឆ្នាំ របស់អង្គការ PSE និងប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិត ជាង៥០០នាក់ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា បច្ចុប្បន្នមានអង្គការ និងសមាគមរាប់ពាន់បានចុះបញ្ជី និងទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ហើយរាជរដ្ឋាភិបាលបន្តបើកជំហរសហការជាមួយអង្គការក្រៅរដ្ឋាភិបាលទាំងអស់ ដោយគ្មានការរើសអើងអ្វីឡើយ។

សម្តេចធិបតីបញ្ជាក់ថា “មានការយល់ច្រឡំ ជាពិសេសការលើកឡើងក្នុងបណ្តាសារព័ត៌មានមួយចំនួនចោទថា រាជរដ្ឋាភិបាលមិនលើកទឹកចិត្ត ទៅដល់អង្គការសង្គមស៊ីវិល បិទសិទ្ធ មិនឱ្យគេធ្វើការ ។ រឿងអង្គការមួយក្តាប់តូច ដែលបញ្ចេញមតិ រឿងរបស់គេ ប៉ុន្តែយើងមាន ៣ពាន់ សមាគម៣៥០០ និងអង្គការជាង៦ពាន់ ដែលធ្វើការនៅ ទូទាំងប្រទេសដែលបានចុះឈ្មោះ និងមួយចំនួនបានបិទ ។ ប៉ុន្តែរាប់ពាន់ NGOs សង្គមស៊ីវិលដែលជាដៃគូដ៏ល្អរបស់រាជរដ្ឋាភិបាល” ។

សម្តេចបន្ថែមថា ដៃគូដ៏ល្អជាមួយអង្គការសង្គមស៊ីវិលរាប់ពាន់បែបនេះ គឺរាជរដ្ឋាភិបាលស្វាគមន៍សហការជាមួយ ក្នុងការដំណើរចូលរួមអភិវឌ្ឍន៍ជាតិឱ្យកាន់តែរីកចម្រើន។

សម្ដេចធិបតីបន្តថា ជាក់ស្តែងអង្គការ PSE បានចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមិនត្រឹមតែផ្ដោតលើការផ្ដល់ ជំនួយបន្ទាន់ប៉ុណ្ណោះទេ ប៉ុន្ដែអង្គការនេះ បានផ្ដោតលើការបង្កើតសមត្ថភាព ឱកាសយូរអង្វែង និងរយៈពេល នៃការអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់កុមារ និងយុវជនដែលមានជីវភាព ខ្វះខាតរបស់កម្ពុជារាប់ម៉ឺននាក់ ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃបានឱ្យដឹងថា បច្ចុប្បន្នមានសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ជនជាតិដើមភាគតិច បានចុះក្នុងបញ្ជីនៅក្រសួងមហាផ្ទៃចំនួន ៦.៦៤៩។ ក្នុងនោះ មានសមាគមចំនួន២.៩២៣ អង្គការមិនមែនរដ្ឋាភិបាលចំនួន៣.៥៧០ និងសហគមន៍ជនជាតិដើមភាគតិចចំនួន១៥៦៕

To Top