ព័ត៌មានជាតិ

សម្ដេចធិបតី ៖ រដ្ឋមន្ដ្រី, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ ប្រធាននាយកដ្ឋានមួយចំនួន ក្រោកចេញពីសម័យ ប៉ុល ពត

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា រដ្ឋមន្ដ្រី, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ និងប្រធាននាយកដ្ឋានមួយចំនួន ដែលបម្រើការងារ តាមបណ្ដាលក្រសួងស្ថាប័ននានា ក្រោកចេញសម័យ ប៉ុល ពត ជាគ្រាដ៏លំបាក។

ការលើកឡើងរបស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៣០ឆ្នាំ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស – និស្សិត សម្រាប់ឆ្នាំសិក្សា២០២១-២០២៤ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា មិនមែនគ្រប់មន្ត្រី បម្រើការងារនៅតាមក្រសួងស្ថាប័ន សុទ្ធតែជាកូនអ្នកធំឡើយ។

សម្ដេចធិបតី បន្ដថា មន្ត្រីជាន់ខ្ពស់តាមស្ថាប័នរដ្ឋមួយចំនួន ក្រោកចេញសម័យ ប៉ុល ពត ជាគ្រាដ៏លំបាក ហើយក៏គ្មានបុគ្គលណាធ្លាប់ធ្វើជារដ្ឋមន្ត្រីក្នុងសម័យនោះដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «រដ្ឋមន្ដ្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធាននាយកដ្ឋានផ្សេងៗចេញមកពី ៧៩ ។ សម្បីកូនអ្នកមាន អ្នកធំមួយចំនួន ឪពុក-ម្ដាយ ក៏ចេញពីអាពត អត់ដូចតែគ្នាដែរទេ»។

ទន្ទឹមនឹងនេះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានលើកទឹកចិត្ត ដល់យុវជនទាំងឡាយ ឱ្យខិតខំសិក្សារៀនសូត្រ ឱ្យបានចេះពិតប្រាកដ បើទោះជាខ្លួនកើតមកក្នុងគ្រួសារ ជួបការលំបាកយ៉ាងណាក៏ដោយ ក៏កុំផ្ដេកផ្ដួលទៅតាមពាក្យថា «កុំតូចចិត្តនឹងវាសនា កុំតវ៉ានឹងព្រហ្មលិខិត»៕

To Top