លោកប៉ែន បូណា ៖ ទោះកម្ពុជារងការបោកបក់ពីបញ្ហាធំៗនិងព្រមៗគ្នា តែកម្ពុជារក្សាបាន សន្តិភាព
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា ទោះបីជាកម្ពុជាបានរងការបោកបក់ពីបញ្ហាធំៗ និងព្រមៗគ្នាយ៉ាងណាក៏ដោយ ក៏កម្ពុជានៅតែរក្សាបានសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍ និងសេចក្តីសុខរបស់ប្រជាជន។
ក្នុងវេទិកាសារព័ត៌មានលើកទី៨ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ លោក ប៉ែន បូណា ថ្លែងថា រយៈពេលជាងមួយឆ្នាំចុងក្រោយ មានបញ្ហាធំៗដែលនឹកស្មានមិនដល់បានកើតឡើងចំពោះ កម្ពុជាដូចជា ៖ ទទួលរងសង្គ្រាមឈ្លានពានយ៉ាងអាក្រក់ពីប្រទេសថៃ បង្កឱ្យមានជនភៀសសឹកជាង៦៤ម៉ឺននាក់ , សង្គ្រាមនៅមជ្ឈឹមបូព៌ាបង្កឱ្យប្រេង និងឧស្ម័នឡើងថ្លៃខ្ពស់ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលជាបញ្ហាធ្ងន់ធ្ងរនិងស្មុគស្មាញ ពិបាកដោះស្រាយពីព្រោះជាឧក្រិដ្ឋកម្មឆ្លងដែន និងប្រើប្រាស់បច្ចេកវិទ្យាទំនើប ធ្វើឱ្យកម្ពុជាបានក្លាយជាប្រទេសរងគ្រោះ១ក្នុងចំណោមប្រទេសជាច្រើនក្នុងតំបន់។
អ្នកនាំពាក្យសង្កត់ធ្ងន់ថា បញ្ហាធំៗមហិមាទាំងនេះ ប្រៀបដូចជាព្យុះព្យោមារដែលបោកបក់ព្រមៗគ្នា និងយ៉ាងពេញទំហឹងមកលើរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាដែលទើបតែចូលកាន់តំណែងថ្មីៗ។ ប្រៀបដូចជាវិញ្ញាសាដ៏តឹងតែងបំផុតដែលចូលមកសាកល្បងសមត្ថភាពដឹកនាំ ចាត់ចែង និងដោះស្រាយរបស់ថ្នាក់ដឹកនាំវ័យក្មេង ជាអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា។
ប៉ុន្តែទោះបីជាជួបបញ្ហាប្រឈមទាំងនេះក៏ដោយ លោក ប៉ែន បូណា បញ្ជាក់ថា “ទោះជារងការបោកបក់ពីបញ្ហាធំៗនិងព្រមៗគ្នាបែបនេះក៏ដោយ ក៏កម្ពុជានៅតែរក្សាបានសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍និងសេចក្តីសុខរបស់ប្រជាជននៅតែត្រូវបានថែរក្សា។ ពិតណាស់ សង្គ្រាមឈ្លានបានដែលយើងមិនបានតាំងចិត្ត និងដែលយើងមិនចង់ឃើញទាល់តែសោះនោះ បានកើតឡើងនៅតាមជាយដែនថៃពីរលើក(២៤- ២៨ កក្កដា បន្ទាប់មក ៧-២៧ ធ្នូ ២០២៥) ដែលទាមទារឱ្យរាជរដ្ឋាភិបាលត្រូវប្រើសិទ្ធិការពារខ្លួន” ។
អ្នកនាំពាក្យបន្ថែមថា ទោះយ៉ាងណា ថ្នាក់ដឹកនាំតែងតែតម្កល់តម្លៃសន្តិភាពជាធំ បានប្រែក្លាយសង្គ្រាមប្រដាប់អាវុធឱ្យទៅជាដំណោះស្រាយតាមការទូត និងផ្លូវច្បាប់វិញយ៉ាងឆាប់រហ័ស ក្រោមការជួយជ្រោមជ្រែងពីបណ្តាប្រទេសជាមិត្តដែលស្នេហាសន្តិភាពដូចគ្នា ជាពិសេសសហរដ្ឋអាម៉េរិក សាធារណរដ្ឋប្រជាមានិតចិននិងអាស៊ាន៕
