Feature

ADB និងដៃគូ ដាក់ដំណើរការមូលនិធិបង្វិល ដើម្បីគាំទ្រដល់ការបង្កើន ការវិនិយោគលើបច្ចេកវិទ្យា សន្សំសំចៃថាមពលនៅកម្ពុជា

ភ្នំពេញ ៖ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរ៉ែ និងថាមពល និងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) ដោយសហការជាមួយ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ធនាគារ ស៊ីអាយអិមប៊ី (CIMB Bank) និងធនាគារពាណិជ្ជកម្ម ក្រៅប្រទេសនៃកម្ពុជា (FTB Bank) កាលពីម្សិលមិញ បានដាក់ដំណើរការមូលនិធិ បង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគ លើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា។

លោកស្រី Yasmin Siddiqi នាយិកា ប្រចាំប្រទេសកម្ពុជានៃ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានប្រសាសន៍ថា «មូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាព ថាមពលគឺជាយន្តការប្រកបដោយនវានុវត្តន៍ថ្មី មួយបំពេញបន្ថែមទៅនឹងកំណែទម្រង់កំពុងបន្តដែលគាំទ្រដោយ ADB ដើម្បីពន្លឿនអន្តរកម្មថាមពលស្អាត និងលើកកម្ពស់ហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងនិរន្តរភាព»។

EERF គឺជាយន្តការផ្តល់ហិរញ្ញប្បទាន ដែលត្រូវបានបង្កើតឡើងក្រោម កម្មវិធីអភិវឌ្ឍន៍វិស័យអន្តរកម្មថាមពលរបស់កម្ពុជា (Cambodia’s Energy Transition Sector Development Program) ហើយត្រូវបានរៀបចំឡើង ដើម្បីជំរុញការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃ ថាមពលដោយសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដែលតំណាងឱ្យក្រុមហ៊ុនជាង៩០% ដែលកំពុងមានប្រតិបត្តិការនៅក្នុងប្រទេស។

តាមរយៈការផ្តល់លទ្ធភាពទទួលបានហិរញ្ញប្បទានក្នុងលក្ខខណ្ឌអំណោយផលបន្ថែមទៀតជាមួយនឹងផលិតផលហិរញ្ញវត្ថុដែលបត់បែនបាន EERF នឹងផ្តល់លទ្ធភាពដល់សហគ្រាសធុនតូច និងមធ្យមក្នុង ការវិនិយោគលើឧបករណ៍ និងការអនុវត្តទំនើបដែលសន្សំសំចៃថាមពល ដែលធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពប្រកួតប្រជែងរបស់ពួកគាត់តាមរយៈការកាត់បន្ថយថ្លៃថាមពល និងការពឹងផ្អែកលើប្រេងឥន្ធនៈដែលនាំចូល។

លោកបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការក្រសួងរ៉ែនិងថាមពល បានឱ្យដឹងថា «ប្រសិទ្ធភាពថាមពលគឺជា ថាមពលស្អាត និងមានតម្លៃសមរម្យបំផុត នៃអន្តរកម្មថាមពលរបស់កម្ពុជា ដោយផ្តល់នូវមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតមួយ ដើម្បីកាត់បន្ថយថ្លៃដើមថាមពល ពង្រឹងសន្តិសុខថាមពល និងកាត់បន្ថយការបំភាយឧស្ម័ន»។

លោកបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល SME Bank បានថ្លែងថា «គម្រោងនេះបន្តពីជោគជ័យនៃគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម (SME Co-Financing Scheme) ដែលបានដាក់ឱ្យដំណើរការដោយ SME Bank ក្នុងឆ្នាំ ២០២០ ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ គម្រោងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យសហគ្រាសធុនតូច និងមធ្យមដែលបានចុះបញ្ជី និងមិនបានចុះបញ្ជី ទទួលបានហិរញ្ញប្បទានក្នុងលក្ខខណ្ឌអំណោយផល និងលក្ខខណ្ឌដែលមានតម្លៃសមរម្យ»៕

To Top