Feature

សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះមាគ៌ាអភិវឌ្ឍន៍ដោយសន្តិវិធីរបស់ បក្សកុម្មុយនីស្តចិន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះមាគ៌ាអភិវឌ្ឍន៍ដោយសន្តិវិធីរបស់ CPC។ សម្ដេចថា គំនិតផ្តួចផ្តើមសកល របស់លោកប្រធានាធិបតី ស៊ី ជិនពីង រួមមានគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI) គំនិតផ្តួចផ្តើមសន្តិសុខសកល (GSI) និងគំនិតផ្តួចផ្តើមអារ្យធម៌សកល (GCI) បានឆ្លុះបញ្ចាំងពីការរួមចំណែក ប្រកបដោយស្ថាបនារបស់ប្រទេសចិន ក្នុងការដោះស្រាយបញ្ហាប្រឈមសកល និងការជំរុញការកសាងសហគមន៍ជោគវាសនារួម សម្រាប់មនុស្សជាតិ។

ក្នុងសារលិខិត របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្ញើសារលិខិតជូន លោកប្រធានាធិបតី ស៊ី ជីនពីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិន ក្នុងការអបអរសាទរចំពោះខួបលើកទី១០៥ នៃការបង្កើតបក្សកុម្មុយនីស្តចិន សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរយ៉ាងខ្លាំង ចំពោះគំរូថ្មី នៃទំនាក់ទំនងរវាងគណបក្សនិងគណបក្សរបស់ CPC តាមរយៈការ បង្កើនការគោរពគ្នាទៅវិញទៅមក ការរៀនសូត្រពីគ្នាទៅវិញទៅមក និងការជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងចំណោម ប្រទេស គណបក្សនយោបាយ និងប្រជាជននានា ដើម្បីខិតខំស្វែងរកសន្តិភាពនិងវិបុលភាពពិភពលោក។ ក្រោមការ ដឹកនាំរបស់ CPC សាធារណរដ្ឋប្រជាមានិតចិន បាននិងកំពុងដើរតួនាទីស្ថាបនាកាន់តែខ្លាំងឡើង ក្នុងការលើកកម្ពស់ សន្តិភាព និងកិច្ចសន្ទនាក្នុងកិច្ចការតំបន់ និងអន្តរជាតិ។

សម្ដេចសូមអបអរសាទរ សាធារណរដ្ឋប្រជាមានិតចិន ចំពោះសមិទ្ធផលដ៏គួរឱ្យកោតស្ញប់ស្ញែង ស្របតាមផែនការ ប្រាំឆ្នាំលើកទី១៤ (២០២០-២០២៥) ហើយសម្តេចជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងភ្លឺស្វាងរបស់ CPC ដែលមានលោក ស៊ី ជិនពីង ជាមេដឹកនាំស្នូល សាធារណរដ្ឋប្រជាមានិតចិន នឹងអនុវត្តផែនការប្រាំឆ្នាំលើកទី១៥ (២០២៦-២០៣០) ប្រកបដោយជោគជ័យ ដើម្បីឆ្ពោះទៅរកការសម្រេចបាននូវគោលដៅ១០០ឆ្នាំ ទីពីរនៃការកសាង ប្រទេសសង្គមនិយមទំនើបមួយដែលមានវិបុលភាព ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន និងសុខដុមរមនា ត្រឹមឆ្នាំ២០៤៩។

សម្ដេចតេជោ ក៏សូមវាយតម្លៃខ្ពស់ចំពោះមិត្តភាពយូរអង្វែង រវាងគណបក្សនិងប្រទេសយើងទាំងពីរ ដែលបានបញ្ជាក់ជាថ្មី នូវមិត្តភាពដែកថែប និងចក្ខុវិស័យរួមគ្នា នៃការកសាងសហគមន៍វាសនារួមក ម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ដែលបានលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ដល់កម្រិតថ្មីមួយទៀត៕

To Top