រដ្ឋមន្ត្រី ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. លើកទី៥ អាណត្តិទី២ នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាល ប.ស.ស. ដើម្បីពិនិត្យ ពិភាក្សា និងឯកភាពលើ គម្រោងថវិកាប្រចាំឆ្នាំ២០២៧, ផែនការយុទ្ធសាស្រ្តថវិកា (៣ឆ្នាំរំកិល) ឆ្នាំ២០២៧-២០២៩, របាយការណ៍ហិរញ្ញវត្ថុ ប្រចាំត្រីមាសទី១ របស់ ប.ស.ស. និង របាយការណ៍លទ្ធផលសម្រេចបានប្រចាំត្រីមាសទី១ ក្នុងទិសដៅពង្រឹងប្រសិទ្ធភាព ការងារឱ្យដំណើរការប្រកបដោយតម្លាភាពក្នុងការបម្រើផលប្រយោជន៍សមាជិក។

នាឱកាសនោះ លោករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់នៃ ប.ស.ស. ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញតួនាទីប្រកបដោយសាមគ្គីភាពក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដែលជួយធានាបានយ៉ាងរឹងមាំនូវនិរន្តរភាព និងគុណភាពលើការផ្តល់សេវាជូនបងប្អូនសមាជិក ប.ស.ស. ឱ្យទទួលបានអត្ថប្រយោជន៍ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ជាពិសេសកំណើននៃសមាជិកដែលបានចុះបញ្ជី។ លោកបានបញ្ជាក់ថា នៅពេលដែលប្រជាពលរដ្ឋទទួលបានសេវាកាន់តែប្រសើរពី ប.ស.ស. និងមានសុខភាពល្អ នោះគឺជាភាពជោគជ័យរបស់ ប.ស.ស. ក៏ដូចជារាជរដ្ឋាភិបាលក្នុងវិស័យគាំពារសង្គម។

លោករដ្ឋមន្រ្តីបានរំលេច ពីចក្ខុវិស័យដ៏វែងឆ្ងាយ របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការ រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ និង ពង្រីកវិសាលភាពរបបសន្តិសុខសង្គម តាមការវិវត្តនៃស្ថានភាពសង្គម សេដ្ឋកិច្ចដោយឈរលើគោលការណ៍សមភាព និងសមធម៌ ដើម្បីធានាឱ្យបាននូវនិរន្តរភាព ដែលស្របតាមគោលការណ៍សកល។ លោកមានប្រសាសន៍ថា ការផ្តល់សេវារបស់ ប.ស.ស. ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន គឺកាន់តែមានភាពទាក់ទាញ ដែលធ្វើឱ្យសាធារណជនស្រមៃចង់ទទួលបាន។

កិច្ចប្រជុំបានដំណើរការយ៉ាងរលូនជាមួយនឹងកិច្ចពិភាក្សាយ៉ាងផុសផុល ហើយបានឯកភាពគ្នាលើគម្រោងថវិកា, ផែនការយុទ្ធសាស្រ្តថវិកា និង របាយការណ៍ហិរញ្ញវត្ថុខាងលើ។ លោក ហេង សួរ បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ ប.ស.ស. ក្នុងការរៀបចំឯកសារដ៏មានសារៈសំខាន់ទាំងនេះ ដែលជាជំហានមួយដ៏ប្រសើរស្របតាមនីតិវិធីដែលមានចែង និងបានលើកទឹកចិត្តអង្គប្រជុំ សូមឱ្យបន្តបេសកកម្ម ដ៏ចាំបាច់ក្នុងនាមជាសមាជិក និងសមាជិកាក្រុមប្រឹក្សាភិបាល ដើម្បីសម្រេចគោលដៅដែលបានរំពឹងទុក។

ទន្ទឹមនឹងនេះ តំណាងនិយោជក និងបងប្អូនកម្មករនិយោជិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ប.ស.ស. ដែលបានរៀបចំផែនការយុទ្ធសាស្រ្តថវិកា និងរបាយការណ៍ដ៏មានសារៈសំខាន់ទាំងនេះឡើង ព្រមទាំងក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ ចំពោះការសម្របសម្រួល និងការជំរុញកិច្ចគាំពារសង្គម ឱ្យកាន់តែមានប្រសិទ្ធភាព៕


















