ព័ត៌មានជាតិ

សម្ដេចធិបតី ប្រាប់ ICRC ថា រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្ពស់ ក្នុងការគាំពារប្រជាពលរដ្ឋគ្រប់រូប

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងប្រាប់គណៈកម្មាធិការ អន្តរជាតិនៃកាកបាទក្រហម (ICRC) ថា រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្ពស់ ក្នុងការគាំពារប្រជាពលរដ្ឋគ្រប់រូប តាមរយៈការដាក់ចេញនូវក្របខណ្ឌគោលនយោបាយជាតិ គាំពារសង្គម ឆ្នាំ២០២៤-២០៣៥។

ការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យ លោក Jürg Montani ប្រធានគណៈប្រតិភូ ប្រចាំតំបន់នៃ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ នៅវិមានសន្តិភាព នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួប, លោកប្រធានគណៈប្រតិភូប្រចាំតំបន់ បានគោរពជម្រាប ជូនសម្ដេចធិបតី អំពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាង ICRC និងកាកបាទក្រហមកម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រការឆ្លើយតបនឹងគ្រោះអាសន្ន និង ការលើកកម្ពស់ច្បាប់មនុស្សធម៌អន្តរជាតិ (International Humanitarian Law-IHL) ។ បន្ថែមលើនេះ, លោកប្រធានគណៈប្រតិភូ ក៏បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែល ICRC បានរួមចំណែកដ៏មានសារៈសំខាន់ ក្នុងការសម្របសម្រួល កិច្ចការនានា អំឡុងពេលនៃជម្លោះព្រំដែនកម្ពុជា-ថៃ។

លោកប្រធានគណៈប្រតិភូប្រចាំ តំបន់ ក៏បានគោរពជម្រាបជូន សម្ដេចធិបតី ថា ក្នុងដំណើរទស្សនកិច្ចការងារ មកកាន់ប្រទេសកម្ពុជានាពេលនេះ រូបលោកបានចុះទៅពិនិត្យ ការអនុវត្តគម្រោងជំនួយកម្មវិធីស្តារ លទ្ធភាពពលកម្មកាយសម្បទា ដែលបានអនុវត្តក្នុងខេត្តបាត់ដំបង និងកម្មវិធីសុខភាពក្នុងពន្ធនាគារ ផងដែរ។ ជាមួយគ្នានេះ, លោកប្រធានក៏បានគោរពជម្រាបជូនសម្ដេចធិបតី ថា ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត។

ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការអបអរសាទរចំពោះលោក Jürg Montani ដែលត្រូវបានតែងតាំងជាប្រធានគណៈប្រតិភូប្រចាំតំបន់ នៃ ICRC។ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ ICRC ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណចំពោះ ICRC ដែលបានគាំទ្រដល់ជនភៀសសឹកកម្ពុជា ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ និងបានសម្របសម្រួលយ៉ាងសកម្ម ក្នុងការដោះលែងវីរកងទ័ពកម្ពុជាចំនួន ១៨រូប ដែលត្រូវបានភាគីថៃចាប់ខ្លួនដោយខុសច្បាប់។

ទន្ទឹមនេះ, សម្ដេចធិបតីក៏បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និង ICRC។ ក្នុងន័យនេះ, សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះ ICRC ដែលបានផ្ដល់ការគាំទ្រការអនុវត្តគម្រោងជាច្រើននៅកម្ពុជា ព្រមទាំងបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តពង្រឹងភាពជាដៃគូដ៏ល្អជាមួយនឹង ICRC បន្ថែមទៀត។

សម្ដេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ក្នុងការគាំពារប្រជាពលរដ្ឋគ្រប់រូប តាមរយៈការដាក់ចេញនូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ រួមទាំងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ តាមម្តាយនៅក្នុងពន្ធនាគារ។

សម្ដេចធិបតី ក៏បានលើកទឹកចិត្តដល់ ICRC ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិត ស្និទ្ធបន្ថែមទៀតជាមួយក្រសួង-ស្ថានប័នពាក់ព័ន្ធកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ICRC ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។

បន្ថែមពីនេះ, សម្ដេចធិបតីក៏បានគូសបញ្ជាក់ អំពីការប្ដេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រដល់ការគោរពច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិ (IHL) ផងដែរ៕

To Top