ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកទឹកចិត្តក្រុមហ៊ុនជប៉ុន បន្តពង្រីកការវិនិយោគ លើគ្រឿងបង្គុំ យានយន្តនៅកម្ពុជា
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)បានលើកទឹកចិត្ត ក្រុមហ៊ុនជប៉ុន ពិនិត្យលទ្ធភាព បន្តពង្រីកការវិនិយោគលើគ្រឿងបង្គុំយានយន្ត បច្ចេកវិទ្យាទំនើប និងការបណ្តុះបណ្តាល ធនធានមនុស្សនៅកម្ពុជា។

ការលើកទឹកចិត្តរបស់ លោក ស៊ុន ចាន់ថុល នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ ការផ្គុំនិងដំឡើងរថយន្ត TOYOTA HILUX TRAVO នៅរោងចក្រតូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) ឯ.ក. ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយាល់គ្រុបភ្នំពេញ នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦។

លោកឧបនាយករដ្ឋមន្ត្រី បានអបអរសាទរ និង វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Toyota Tsusho ដែលបានសម្រេចចិត្ត វិនិយោគលើការផ្ដុំដំឡើងរថយន្តម៉ូដែលថ្មីនៅកម្ពុជា ដែលស្តែងឱ្យឃើញពីជំនឿចិត្ត យ៉ាងមុតមាំលើសក្តានុពល សេដ្ឋកិច្ចជាតិ។

លោក បានសង្កត់ធ្ងន់ថា ការដំឡើង រថយន្តដោយវិស្វករខ្មែរផ្ទាល់ ជាសក្ខីភាពបង្ហាញពីសមត្ថភាពខ្ពស់ ក្នុងការចាប់យកបច្ចេកវិទ្យាកម្រិតខ្ពស់ និងជាគម្រូវិនិយោគយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់ ក្នុងការរួមចំណែកកសាងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្ម អភិវឌ្ឍមូលធនមនុស្ស និងវិបុលភាពរយៈពេលវែង។

លោក ឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវអំណរ គុណចំពោះ ឯកឧត្តមឯកអគ្គរាជទូតជប៉ុន សម្រាប់ការគាំទ្រនិង សម្របសម្រួលយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំ និងមានប្រវត្តិមិត្តភាពយ៉ាងយូរអង្វែង រហូតឈានដល់ការដំឡើង កម្រិតទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធ សាស្ត្រគ្រប់ជ្រុងជ្រោយ» កាលពីឆ្នាំ២០២៣ ដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងវិនិយោគលើគ្រប់វិស័យ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕









