លោក ឃួន ផុនរតនៈ សង្ឃឹមថា Asiana Airlines នឹងពិចារណាបើកជើងហោះហើរត្រង់ ពីទីសេអ៊ូល ទៅសៀមរាប
ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក ឃួន ផុនរតនៈ សង្ឃឹមថា ក្រុមហ៊ុន Asiana Airlines នឹងពិនិត្យពិចារណា លើការបើកជើងហោះហើរត្រង់ពីទីក្រុងសេអ៊ូល ទៅកាន់ខេត្តសៀមរាប ។

ក្នុងជំនួបពិភាក្សាការងាររវាង លោក Song Bo Young នាយកប្រតិបត្តិនៃក្រុមហ៊ុន Asiana Airlines និងលោក ឃួន ផុនរតនៈ នៅទីស្នាក់កណ្តាលក្រុមហ៊ុន Asiana ក្នុងទីក្រុងសេអ៊ូលនៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើស្ថានភាពទូទៅ នៃការធ្វើដំណើរទៅមកតាមអាកាសចរណ៍ Asiana Airlines របស់ប្រជាជនកម្ពុជា និងកូរ៉េ ។

ក្នុងជំនួបនោះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ក្នុងគោលបំណងសម្រួលដល់ការធ្វើដំណើររបស់ប្រជាជនខ្មែរ ដែលតែងតែទុកចិត្ត និងប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន Asiana Airlines ដែលបានបង្កើនចំនួនអ្នកទេសចរកូរ៉េទៅទស្សនាប្រទេសកម្ពុជា។

ឯកអគ្គរាជទូត បានលើកឡើងថា មានភ្ញៀវទេសចរកូរ៉េ និងបរទេសជាច្រើនមានបំណងទៅទស្សនាប្រាសាទអង្គរវត្តរបស់កម្ពុជា។ ដូច្នេះលោកសង្ឃឹមថា ក្រុមហ៊ុននឹងពិចារណាពិនិត្យលទ្ធភាព បើកជើងហោះហើរត្រង់ពីទីក្រុងសេអ៊ូល ទៅកាន់ខេត្តសៀមរាប ដើម្បីសម្រួលដល់អ្នកទេសចរ ដែលមានបំណងធ្វើដំណើរកំសាន្តដោយផ្ទាល់ទៅកាន់ខេត្តទេសចរណ៍វប្បធម៌មួយនេះ។

ជាការឆ្លើយតប លោក Song បានប្រាប់ឯកអគ្គរាជទូតថា ក្រុមហ៊ុននឹងពិចារណាពិនិត្យលទ្ធភាពក្នុងការរៀបចំជើងហោះហើរត្រង់ទៅខេត្តសៀមរាប នាពេលអនាគត៕










