លោក ហួត ហាក់ ស្នើ GX Foundation ជួយផ្សព្វផ្សាយ សក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ប្រជាជនចិន នៅហុងកុង ឱ្យកាន់តែទូលំទូលាយ
ភ្នំពេញ ៖ ក្នុងជំនួបជាមួយលោក Leung Chun Ying អនុប្រធានគណៈកម្មាធិការជាតិ នៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន, ប្រធានមូលនិធិ GX Foundation និងជាអតីតនាយកប្រតិបត្តិ នៃតំបន់រដ្ឋបាលពិសេសហុងកុង កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងទេសចរណ៍ លោករដ្ឋមន្ត្រីហួត ហាក់ បានស្នើឱ្យបន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ប្រជាជនចិន នៅតំបន់រដ្ឋបាលពិសេសហុងកុង ឱ្យកាន់តែទូលំទូលាយ ។

ក្នុងជំនួបនេះ លោក Leung Chun Ying បានថ្លែងអំណរគុណលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំពោះការអនុញ្ញាត ជូនគណៈប្រតិភូជាន់ខ្ពស់របស់មូលនិធិ ចូលជួបពិភាក្សាការងារផ្លាស់ប្តូរ ទស្សនៈស៊ីជម្រៅពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិទេសចរណ៍ ព្រមទាំងកិច្ចសហការ ផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ឱ្យកាន់តែទូលំទូលាយដល់ប្រជាជន នៅតំបន់រដ្ឋបាលពិសេសហុងកុង អំឡុងពេលយុទ្ធនាការលើកលែងទិដ្ឋាការ ជូនប្រជាជនចិនសាកល្បងចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។

ឆ្លៀតក្នុងឱកាសនេះដែរ លោកប្រធានប្រតិភូ ក៏បានរាយការណ៍ ពីលទ្ធផលសកម្មភាពមនុស្សធម៌ជាច្រើននៅកម្ពុជា រួមមានការផ្តល់សេវាវះកាត់ជំងឺភ្នែកឡើងបាយ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋរាប់ពាន់នាក់ និងការអនុវត្តកម្មវិធីទប់ស្កាត់ជំងឺឆ្លង តាមភ្នាក់ងារចម្លងនៅតាមបណ្តាខេត្តនានា។

ជាកិច្ចឆ្លើយតប លោករដ្ឋមន្ត្រី ហួត ហាក់ បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ចំពោះការរួមចំណែកដ៏សកម្ម របស់មូលនិធិ GX Foundation ទាំងក្នុងវិស័យទេសចរណ៍ និងសកម្មភាពមនុស្សធម៌ ដែលពិតជាបានរួមចំណែកដ៏សំខាន់ ដល់ការពង្រឹងទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងចិន។

ជាមួយគ្នានេះលោករដ្ឋមន្ត្រី បានស្នើលោកប្រធាន បន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ប្រជាជនចិន នៅតំបន់រដ្ឋបាលពិសេសហុងកុង ឱ្យកាន់តែទូលំទូលាយ ជាពិសេសក្នុងអំឡុងយុទ្ធនាការសាកល្បង លើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន ព្រមទាំងជួយជម្រុញដំណើរសិក្សាស្វែងយល់ ពីសក្តានុពលទេសចរណ៍ (FAM Trip) សម្រាប់វិនិយោគិន សារព័ត៌មាន និងប្រតិបត្តិករទេសចរណ៍។ ទន្ទឹមនេះដែរ លោករដ្ឋមន្រ្តី ក៏បាន ស្នើមូលនិធិសិក្សាពិនិត្យលទ្ធភាព បញ្ជូនក្រុមគ្រូពេទ្យមកផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅស្រុកបារាយណ៍ ខេត្តកំពង់ធំផងដែរ ។

គួរបញ្ជាក់ផងដែរថា ឆ្នាំ២០២៦ គឺជាខួបលើកទី ៦៨ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដែលជាមូលដ្ឋានដ៏រឹងមាំ សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍។ នៅក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ៥,៦លាននាក់ ក្នុងនោះភ្ញៀវទេសចរចិនប្រមាណ ១,២លាននាក់ កើនឡើង ៤២% ធៀបនឹងឆ្នាំ២០២៤។ ដោយឡែក ក្នុងរយៈពេល ៥ខែដំបូង ឆ្នាំ២០២៦ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង ១,៥លាននាក់ ក្នុងនោះភ្ញៀវទេសចរចិនជាង ៤០ម៉ឺននាក់ ឈរលំដាប់ទី១ នៃទីផ្សារទេសចរណ៍របស់កម្ពុជា។

សូមរំលឹកថា GX Foundation គឺជាអង្គការមនុស្សធម៌មិនស្វែងរកប្រាក់ចំណេញ ដែលមានមូលដ្ឋាននៅតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ដោយផ្តោតលើការផ្តល់សេវាសុខាភិបាល និងជំនួយមនុស្សធម៌ នៅបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដែលបានអនុវត្តគម្រោងវះកាត់ ជំងឺភ្នែកឡើងបាយដោយឥតគិតថ្លៃ និងគម្រោងសុខាភិបាលសាធារណៈជាច្រើន ដែលបានផ្តល់អត្ថប្រយោជន៍ ជូនប្រជាពលរដ្ឋកម្ពុជាយ៉ាងទូលំទូលាយ៕











