ក្រុមការងារបច្ចេកទេស បន្ថែមបរិក្ខារ សុវត្ថិភាពចរាចរណ៍ ចំណុចហានិភ័យគ្រោះថ្នាក់ ញឹកញាប់ នៅស្រុកក្រគរ
ពោធិ៍សាត់ ៖ ដោយមានការគិតគូរខ្ពស់ និងជាប្រចាំរបស់ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ និងដោយមានការចូលរួមពីតំណាងស្នងការ ខេត្តពោធិ៍សាត់ និងភាគីពាក់ព័ន្ធ បានចុះពិនិត្យជាក់ស្តែង និងដំឡើងបរិក្ខារសុវត្ថិភាព ចរាចរណ៍បន្ថែមចំណុចកំណាត់ផ្លូជាតិលេខ៥ ត្រង់គម.១៤៩ ដល់ គម.១៥០ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលមានកើតគ្រោះថ្នាក់ញឹកញាប់ ពិសេសក្នុងដើមរដូវភ្លៀងឆ្នាំនេះ ។

ក្រុមការងារបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ បានសិក្សាលក្ខណៈបច្ចេកទេស និងប្រមូលទិន្ន័យចរាចរណ៍ទីតាំងខាងលើនេះ ដើម្បីដឹងពីមូលហេតុ និងរកដំណោះស្រាយដែលមានប្រសិទ្ធភាពធានាសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា ទីតាំងនោះជាតំបន់ប្រជុំជន ដែលតាមច្បាប់ចរាចរណ៍ផ្លូវគោក កំណត់ឱ្យបើកបរត្រឹម ៤០km/h ហើយគំរូប្លង់ផ្លូវរបស់គម្រោង លើកកម្រិតផ្លូវជាតិលេខ៥ ក្រោមហិរញ្ញបទានរបស់ជប៉ុន បានគិតគូរ ផ្ទៀងផ្ទាត់តាមស្តង់ដាបច្ចេកទេស និងផលប៉ះពាល់សេដ្ឋកិច្ច និងសង្គមផងដែរ។ ក្រុមការងារបានរកឃើញថា បញ្ហាចម្បង ដែលបណ្តាលឱ្យកើតមានគ្រោះថ្នាក់ គឺការប្រើប្រាស់ល្បឿន (មានការប្រើប្រាស់ល្បឿនលឿនខ្លាំង ត្រង់ចំណុងកោងនោះ)។

ចំពោះវិធានការរបស់ជំនាញក្នុងការបង្ការគ្រោះថ្នាក់ ក្រុមការងារផ្តោតលើការធ្វើឱ្យយានយន្តបន្ថយល្បឿនមុនពេលចូលដល់ចំណុចកោង ដោយបានបំពាក់បន្ថែមបរិក្ខារមួយចំនួន ដើម្បីបង្កើនការចាប់អារម្មណ៍ដល់អ្នកបើកបរ និងជាសំខាន់ការបន្ថែមបរិក្ខារដែលមានប្រសិទ្ធភាពខ្ពស់ទាំងពេលថ្ងៃ យប់ និងពេលមានភ្លៀង។
ក្រុមការងារបច្ចេកទេស បានអនុវត្តការងារបំពាក់បរិក្ខារទាំងនោះ ចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ដែលគ្រោងរួចរាល់នៅចុងសប្តាហ៍នេះ ដោយមានក្តីសង្ឃឹមខ្ពស់ក្នុងការបញ្ឈប់គ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុនៅចំណុចនោះ។

ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋបើកបរ ដោយមានការប្រុងប្រយ័ត្នខ្ពស់ គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពខ្លួនឯង ក្រុមគ្រួសារ អ្នករួមដំណើរ និងអ្នករស់នៅតាមសងខាងផ្លូវ៕









