ប្រធានសហព័ន្ធ ស្រូវអង្ករកម្ពុជា ៖ នាពេលខាងមុខ ការនាំចេញអង្ករកម្ពុជា ទៅកាន់អាមេរិក អាចឈានដល់ ១០០,០០០ តោន ក្នុង១ឆ្នាំ
សហរដ្ឋអាមេរិក ៖ ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ជឿជាក់ថា ទីផ្សារសហរដ្ឋអាមេរិក មានសក្តានុពលខ្លាំង ដោយក្នុងរយៈពេល១០ឆ្នាំខាងមុខ ការនាំចេញអង្ករកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក អាចឈានដល់ ១០០,០០០ តោន ក្នុង១ឆ្នាំ។

ក្នុងបទសម្ភាសន៍ ជាមួយភ្នាក់ងារសារព័ត៌មានដើមអម្ពិល ក្នុងឱកាសដឹកនាំគណៈប្រតិភូ ក្រុមហ៊ុនអង្ករកម្ពុជា ចូលរួមពិព័រណ៍ Summer Fancy Food Show នៅមជ្ឈមណ្ឌល Javits Center ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)និងជានាយកប្រតិបត្តិក្រុមហ៊ុន City Rice Import Export Company បានឱ្យដឹងថា ឆ្នាំនេះ ក្រុមហ៊ុនអង្ករកម្ពុជាចំនួន ១០ ក្រុមហ៊ុន មកកាន់សហរដ្ឋអាមេរិក ដើម្បីសិក្សាពីទីផ្សារអាមេរិក ជួបជាមួយអ្នកទិញ អ្នកចែកចាយ និងស្វែងរកឱកាសអាជីវកម្មថ្មីៗ។

ក្នុងនោះលោកបានបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ កម្ពុជា បាននាំចេញអង្ករ ទៅកាន់សហរដ្ឋអាមេរិកប្រមាណ ៦,០០០ ដល់ ៧,០០០ តោន។ ដោយលោក ឡាយ ឈុនហួរ ជឿជាក់ថា ទីផ្សារនេះមានសក្តានុពលខ្លាំង ហើយក្នុងរយៈពេល១០ឆ្នាំខាងមុខ ការនាំចេញអង្ករកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក អាចឈានដល់យ៉ាងហោចណាស់ ១០០,០០០ តោន ។
ជាមួយគ្នានេះ ប្រធានសហព័ន្ធស្រូវអង្ករ មើលឃើញថា Summer Fancy Food Show គឺជាវេទិកាដ៏អស្ចារ្យមួយ ដែលផ្តល់ឱកាសឱ្យអ្នកលក់ និងអ្នកទិញជួបគ្នាដោយផ្ទាល់ បង្កើតបណ្តាញទំនាក់ទំនង និងស្វែងរកដៃគូអាជីវកម្មថ្មីៗ។
ព្រឹត្តិការណ៍នេះ ក៏ជួយឱ្យអ្នកនាំចេញកម្ពុជា សិក្សាពីចំណង់ចំណូលចិត្ត របស់អ្នកប្រើប្រាស់អាមេរិក ការវេចខ្ចប់ តម្លៃលក់ និងប្រព័ន្ធចែកចាយ ខណៈបន្ទាប់ពីពិព័រណ៍នេះ គណៈប្រតិភូក្រុមហ៊ុនអង្ករកម្ពុជា នឹងមានគម្រោងទៅទស្សនាកំពង់ផែ Los Angeles និងផ្សារទំនើបនានា ដើម្បីសិក្សាពីប្រព័ន្ធដឹកជញ្ជូន ការនាំចូល និងស្ថានភាពទីផ្សារជាក់ស្តែង នៅសហរដ្ឋអាមេរិក។

ក្នុងបទសម្ភាសន៍ដដែរនេះ ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ ក៏បានសំណូមពរ ឱ្យអ្នកនាំចេញ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ បន្តលើកកម្ពស់គុណភាព និងស្តង់ដារសុវត្ថិភាពចំណីអាហារ ខណៈដែលសហរដ្ឋអាមេរិកជាទីផ្សារដ៏ធំ និងមានសក្តានុពលខ្លាំង ប៉ុន្តែក៏មានស្តង់ដារខ្ពស់ និងតម្រូវការតឹងរ៉ឹងផងដែរ។

ប្រធានសហព័ន្ធ ក៏បានលើកទឹកចិត្ត ឱ្យក្រុមហ៊ុនទាំងអស់ ទទួលបានវិញ្ញាបនបត្រអន្តរជាតិ ដូចជា GMP, BRCGS ឬ SQF ដើម្បីជួយឱ្យការចូល ទីផ្សារអាមេរិក កាន់តែងាយស្រួល និងកាត់បន្ថយឧបសគ្គផ្សេងៗ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនកម្ពុជាចូលរួមពិព័រណ៍អន្តរជាតិ នៅសហរដ្ឋអាមេរិក ឱ្យបានញឹកញាប់ ដូចជា Summer Fancy Food Show, Expo West, Expo East និងព្រឹត្តិការណ៍ផ្សេងៗទៀត។

លោកបានអះអាងថា កម្ពុជាទើបតែចាប់ផ្តើមចូលទីផ្សារនេះ ដូច្នេះមិនមានផ្លូវកាត់ទៅរកភាពជោគជ័យនោះទេ។ យើងត្រូវបន្តមកសិក្សាទីផ្សារ បង្កើតបណ្តាញទំនាក់ទំនង ជួបអ្នកចែកចាយ និងស្វែងយល់ពីតម្រូវការរបស់អតិថិជន។ ខ្ញុំជឿជាក់ថា ប្រសិនបើយើងបន្តខិតខំ អង្ករកម្ពុជានឹងទទួលបានជោគជ័យកាន់តែខ្លាំង នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

បន្ថែមលើនេះ លោក ឡាយ ឈុនហួ បានលើកឡើងនូវចំណុចដ៏សំខាន់មួយចំនួន ដោយសង្កត់ធ្ងន់ថា ប្រសិនបើក្រុមហ៊ុនកម្ពុជា ចង់ទទួលបានជោគជ័យ នៅទីផ្សារសហរដ្ឋអាមេរិក ពួកគេត្រូវយកចិត្តទុកដាក់ លើការអនុវត្តតាមបទប្បញ្ញត្តិ និងស្តង់ដារសុវត្ថិភាពចំណីអាហារ របស់សហរដ្ឋអាមេរិក ។ ស្របពេលក្រុមហ៊ុនកម្ពុជា បានធ្វើការងារយ៉ាងល្អក្នុងការដាំដុះ កែច្នៃ និងវេចខ្ចប់អង្ករដែលមានគុណភាពខ្ពស់។ ជំហានបន្ទាប់ គឺការអនុវត្តឱ្យបានពេញលេញតាមស្តង់ដារអន្តរជាតិ។ នៅពេលដែលអាចបំពេញតាមតម្រូវការទាំងនោះបាន ឱកាសអាជីវកម្មនៅទីផ្សារអាមេរិក គឺមានទំហំធំធេងណាស់ ៕













