ព័ត៌មានជាតិ

លោក វ៉ាង វិនពីន៖ ចំណងមិត្តភាពដែកថែប រវាងចិននិងកម្ពុជា គឺជាគំរូនៃការគោរពគ្នាទៅវិញទៅមក និងសមភាពគ្នាទៅវិញទៅមក រវាងប្រទេសនិងប្រទេស

ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ប្រទេសទាំងឡាយ មិនមានការបែងចែកថាធំឬតូច មានឬក្រ ខ្លាំងឬខ្សោយ គឺសុទ្ធតែមានភាពស្មើគ្នា នេះមិនត្រឹមតែបានឆ្លុះបញ្ចាំង តែលើទីលានបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែក៏គួរតែត្រូវឆ្លុះបញ្ចាំង នៅក្នុងគ្រប់ទិដ្ឋភាព នៃទំនាក់ទំនងអន្តរជាតិផងដែរ។

លោកឯកអគ្គរដ្ឋទូត បញ្ជាក់ថា «ចំណងមិត្តភាពដែកថែប រវាងប្រទេសចិននិងកម្ពុជា គឺជាគំរូនៃការគោរពគ្នាទៅវិញទៅមក និងសមភាពគ្នាទៅវិញទៅមករវាងប្រទេសនិងប្រទេស»។

នេះបើយោងតាមរយៈសំណេរ របស់លោកឯងអគ្គរដ្ឋទូត នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលបានស៊ែរចែករំលែកនូវការបង្ហោះរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃទី២ ពាក់ព័ន្ធនឹងការប្រែប្រួល នៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦ ដោយវត្តមានកាន់តែច្រើននៃប្រទេសក្រីក្រ និងចំនួនប្រជាជនតិច ក្នុងចូលរួមប្រកួត។

សូមរំលឹកថា កាលពីថ្ងៃទី២ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះនូវខ្លឹមសារទាំងស្រុងថា «ថ្ងៃមុនខ្ញុំបាននិយាយពី(បាល់មូល) ក្រោយការប្រកួតកន្លងមកនិងយប់កន្លងទៅនេះយើងគួរតែចាប់ផ្តើមនិយាយពី (ភូមិសាស្ត្របាល់ទាត់) ដែលវាខុសពីភូមិសាស្ត្រនយោបាយទាំងស្រុង។ ពេលមុនខ្ញុំតែងនិយាយថា លើពិភពលោកស្តង់ដាអន្តរជាតិមានតែក្នុង វិស័យកីឡាមួយប៉ុណ្ណោះ។ ឆ្លងកាត់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦នេះខ្ញុំសង្កេត ឃើញថាភូមិសាស្ត្របាល់ទាត់កំពុង ប្រែប្រួលយ៉ាងខ្លាំង តាមរយៈ វត្តមានក្រមកីឡាមកពីប្រទេសដែលមាន ប្រជាជនតិចនិងជាប្រទេសកំពុង អភិវឌ្ឍ។ វត្តមានកាន់តែច្រើននៃប្រទេសក្រីក្រ និងចំនួនប្រជាជនតិចបានបង្ហាញថា បាល់ទាត់មិនរើសអើងប្រទេសមានឬក្រ ប្រទេសមានប្រជាជនច្រើនឬតិចនោះទេ ដែលនេះវាជា (ភូមិសាស្ត្របាល់ទាត់) ដែលនេះវាខុសគ្នាទាំងស្រុងជាមួយភូមិសាស្ត្រនយោបាយ ដែលពិភពលោកកំពុងជ្រួលច្របល់ បាត់សណ្តាប់ធ្នាប់។ ក្រុមបាល់ទាត់មកពីប្រទេសក្រីក្រ បានជួយជូនដំណើរក្រុមកីឡាពីប្រទេសអ្នកមាន ត្រឡប់ទៅប្រទេសវិញតាំងពីប្រកួតសន្សំពិន្ទុរហូតដល់ ការប្រកួត៣២ក្រុមនិងប្រសិនមិនអាច យកឈ្នះក៏ធ្វើឲ្យប្រទេសអ្នកមាន មានការព្រួយបារម្ភពេលក្រុម បាល់ទាត់មកពីប្រទេសក្រីក្រ ទាត់បញ្ចូលទី ឡើងប៉ោងសំណាញ់។ យោងតាមការប្រែប្រួលនៃភូមិសាស្ត្រ បាល់ទាត់បែបនេះពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិចនិងលើកពានបាល់ទាត់ពិភពលោក ជាក់ជាមិនខាន។ ខ្ញុំមិនដឹងថានៅលើពិភពលោកនេះមានអ្នកធ្លាប់ប្រើពាក្យ(ភូមិសាស្ត្របាល់ទាត់)ហើយឬនៅទេប៉ុន្តែសម្រាប់ ខ្ញុំឱកាសត្បូងត្បូង បាននិងកំពុងមកដល់ហើយ សម្រាប់ប្រទេសកំពុងអភិវឌ្ឍទាំងអស់»៕

To Top