Feature

មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ កុំឱ្យក្លាយជាបន្ទុកគ្រួសារ និងសង្គម, ឱកាសការងារជាង ៩ម៉ឺនកន្លែងនៅទូទាំងប្រទេសកំពុងរង់ចាំបងប្អូន

បន្ទាយមានជ័យ៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារចំនួន ៣ ៥០០ កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្តល់ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ នៅបរិវេណសាលាស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៦។

ថ្លែងក្នុងវេទិកាក្រោមប្រធានបទ«ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ដែលមានប្រជាពលរដ្ឋជាង  ៦០០នាក់ចូលរួមលោក​ សាន គីមហុង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា ឱកាសការងារទាំងជាង ៣ពាន់កន្លែងនេះ គឺស្ថិតក្នុងចំណោមឱកាសការងារជាង ៩ម៉ឺនកន្លែងនៅទូទាំងប្រទេស ដែលក្រសួងការងារក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រមូលពីក្រុមហ៊ុន រោងចក្រ សហគ្រាសធំៗ ហើយនាំយកមកផ្សព្វផ្សាយដល់មូលដ្ឋាន ដើម្បីបងប្អូនអាចចុះឈ្មោះ សម្ភាស និងទទួលបានការងារភ្លាមៗ។

លោក​បន្តថា ការនាំយកការងារក្នុងស្រុកដ៏សម្បូរបែបមកជូនដល់មូលដ្ឋាននេះ គឺជួយសន្សំទាំងថវិកា និងពេលវេលា ដែលបងប្អូនមិនលំបាកដើររកការងារដោយខ្លួនឯង ដូចកាលពីមុននោះឡើយ។ នៅពេលបងប្អូនមានការងារធ្វើ គឺទទួលបានចំណូល ដែលមិនក្លាយជាបន្ទុកគ្រួសារ និងសង្គមនោះទេ ហើយក៏នាំឱ្យមានការរីកចម្រើនដោយផ្ទាល់ក្នុងសហគមន៍ផងដែរ។ ការងារក្នុងស្រុកនៅតាមរោងចក្រ សហគ្រាស គឺជាជម្រើសដ៏ប្រសើរ សម្រាប់កសាងសេដ្ឋកិច្ច និងផ្តល់សុភមង្គលក្នុងគ្រួសារ។ ក្រៅពីប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍ផ្សេងៗ បងប្អូនក៏ទទួលបានអត្ថប្រយោជន៍ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)ផងដែរ ដូចជា៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកសោធន។ ផ្ទុយទៅវិញ ការងារចំណាកស្រុកនៅប្រទេសថៃ គឺប្រឈមនឹងហានិភ័យសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ខ្វះការគាំពារសុខភាព អំពើហិង្សា ការរើសអើង និងមិនអាចរស់នៅជួបជុំក្រុមគ្រួសារ។

ម្យ៉ាងវិញទៀត ក្នុងករណីដែលចង់ទៅធ្វើការនៅក្រៅប្រទេស លោកអនុរដ្ឋលេខាធិការបានលើកទឹកចិត្តឱ្យអតីតពលករចុះឈ្មោះទៅធ្វើការនៅប្រទេសផ្សេងៗ ដែលផ្តល់ប្រាក់ខែ និងមានសុវត្ថិភាពខ្ពស់ជាងប្រទេសថៃ ដូចជានៅប្រទេសជប៉ុន កូរ៉េ និងសិង្ហបុរីជាដើម។ ទន្ទឹមនឹងនេះ បងប្អូនដែលមានជំនាញស្រាប់ផ្នែកសំណង់ ប៉ុន្តែមិនទាន់មានវិញ្ញាបនបត្របញ្ជាក់ ក្រសួងក៏បានដាក់ឱ្យអនុវត្តការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដើម្បីឱ្យបងប្អូនទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញជាផ្លូវការផងដែរ។ លើសពីនេះ ទាំងអតីតពលករ និងយុវជន ដែលរួមទាំងអ្នកមិនចេះអក្សរ ក៏អាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃនូវវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស តាមរយៈកម្មវិធី TVET ១,៥លានជាមួយនឹងជម្រើសពេលសិក្សាជាច្រើន ដូចជា៖ ផ្នែកសំណង់ ជួសជុលគ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី ម៉ាស៊ីនត្រជាក់ ដុតនំ ឆុងកាហ្វេ និងផ្នែកសាឡនជាដើម។ ក្រោយបញ្ចប់ការសិក្សា បងប្អូនអាចយកជំនាញទាំងនេះបង្កើតមុខរបរដោយខ្លួនឯងបានថែមទៀតផងដែរ។

លោកក៏បានលើកទឹកចិត្តឱ្យបងប្អូនជួយផ្សព្វផ្សាយពីឱកាសការងារ អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដ៏មានសារៈសំខាន់នេះជូនដល់សមាជិកគ្រួសារ សាច់ញាតិ និងមិត្តភក្តិបន្តទៀត ហើយបើចង់សាកសួរព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទ Hotline ១២៩៧ សម្រាប់ព័ត៌មានពីឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស.៕

To Top