Feature

រដ្ឋមន្ត្រីក្រសួងអប់រំ ៖ កម្ពុជាមានសក្តានុពលធំធេង ក្នុងការអភិវឌ្ឍវិស័យវេជ្ជសាស្ត្រ ស្របតាមស្តង់ដាអន្តរជាតិ

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា កម្ពុជាមានសក្តានុពលធំធេងក្នុងការអភិវឌ្ឍវិស័យវេជ្ជសាស្ត្រ ពិសេសឯកទេសការព្យាបាលជំងឺបេះដូង ការវះកាត់ឆ្អឹង និងការអភិវឌ្ឍសាលាបណ្តុះបណ្តាលគិលានុបដ្ឋាក ស្របតាមស្តង់ដាអន្តរជាតិ។

កាេលេីកឡេីងរបស់ លោក ហង់ជួន ណារ៉ុន នាឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Yasuhiro Kigawa អគ្គនាយកប្រតិបត្តិ (CEO) និងថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុន នៅប្រទេសជប៉ុន នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា ជាពិសេសលើវិស័យសុខាភិបាល ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស។

ក្នុងឱកាសនេះ ភាគីជប៉ុន បានបង្ហាញពីគោលបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា តាមរយៈការវិនិយោគលើមន្ទីរពេទ្យឯកជន ការផ្ទេរបច្ចេកវិទ្យាវេជ្ជសាស្ត្រ ការផ្គត់ផ្គង់ឱសថ និងបរិក្ខារវេជ្ជសាស្ត្រផលិតនៅប្រទេសជប៉ុន ការបណ្តុះបណ្តាលគិលានុបដ្ឋាក និងបុគ្គលិកសុខាភិបាល ព្រមទាំងការអភិវឌ្ឍដំណោះស្រាយសុខាភិបាលឌីជីថល ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីក្រុមហ៊ុនជប៉ុនចំពោះចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគនៅកម្ពុជា និងបានលើកឡើងថា កម្ពុជាកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងមានតម្រូវការខ្ពស់លើគុណភាពសេវាសុខាភិបាល ជាពិសេសការវិនិយោគលើមន្ទីរពេទ្យឯកជនឯកទេស និងការផ្ទេរបច្ចេកវិទ្យាវេជ្ជសាស្ត្រពីប្រទេសជប៉ុន។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្វាគមន៍ចំពោះគម្រោងផ្តល់ជំនួយបរិក្ខារវេជ្ជសាស្ត្រនានា រួមទាំងឧបករណ៍សង្គ្រោះដំបូង និងសម្ភារៈប្រើប្រាស់ក្នុងមន្ទីរពេទ្យ ដែលរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅកម្ពុជា។

បន្ថែមលើនេះ លោកឧបនាយករដ្ឋមន្ត្រី បានរំលេចថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបង្កើនទំនុកចិត្តរបស់វិនិយោគិនបរទេស តាមរយៈការពង្រឹងបរិយាកាសវិនិយោគ ការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងការលើកកម្ពស់កិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិ ដើម្បីធានាបានថា កម្ពុជា ជាប្រទេសដែលមានសុវត្ថិភាព ស្ថិរភាព សន្តិភាពនិងមានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគទាំងក្នុងតំបន់ និងសកលលោក៕

To Top