ស្ថានទូតអាមេរិកប្រចាំកម្ពុជា ជ្រើសរើសយកផ្លូវថ្មើរជើងចតុមុខ រៀបចំពិធីអបអរសាទរ រំលឹកខួបលើកទី ២៥០ នៃទិវាឯករាជ្យជាតិ
ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជាបានជ្រើសរើស យកផ្លូវថ្មើរជើងចតុមុខ ក្នុងខណ្ឌដូនពេញ បានរៀបចំពិធីអបអរសាទរ ដើម្បីរំលឹកខួបលើកទី ២៥០ នៃទិវាឯករាជ្យជាតិសហរដ្ឋអាមេរិក ជាមួយនិងការរៀបចំតាំងពិព័រណ៍ម្ហូបអាហារ និងផលិតផលអាមេរិក ដែលបើកជាសាធារណៈ នាល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦នេះ។

ពិធីនេះបានធ្វើឡើងក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី Aleksandra Zittle ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ដោយមានការដើរទស្សនាស្តង់ និងភ្លក់អាហាររបស់អាមេរិកផងដែរ។

ព្រឹត្តិការណ៍នេះ បានគូសបញ្ជាក់អំពីស្មារតីយូរអង្វែងរបស់អាមេរិក លើភាពច្នៃប្រឌិត និងនយោបាយការទូត ដើម្បីបន្តពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជាកាន់តែល្អបករសើរថែមទៀត។

លោក ឃួង ស្រេង បានលើកឡើងថា ការរៀបចំពិធីដើម្បីអបអរសាទរ រំលឹកខួបលើកទី ២៥០ នៃទិវាឯករាជ្យជាតិសហរដ្ឋអាមេរិកនៅពេលនេះ គឺក្រោយពេល៥ថ្ងៃនៃខួបទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិកគម្រប់៧៦ឆ្នាំ នាថ្ងៃទី២៩មិថុនា១៩៥០។ កិច្ចសហប្រតិបត្តិការណ៍ រវាងកម្ពុជានិងសហរដ្ឋអាមេរិក បាននិងកំពុងឈានទៅរកភាពល្អប្រសើរ ខណៈដែលប្រទេសកម្ពុជា មានសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ហើយ ក៏បានធ្វើឱ្យទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ កាន់តែល្អប្រសើរថែមមួយកម្រិតថែមទៀត។

លោក ឃួង ស្រេង បានបន្តថា តាមរយៈទំនាក់ទំនងការទូតនៃប្រទេសទាំងពីរនេះ បានធ្វើឱ្យវិស័យពានិជ្ជកម្ម វិនិយោគ អប់រំនិងការដោះមីននៅកម្ពុជាកាន់តែល្អប្រសើរ ជាមួយនិងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការថែរក្សាសន្តិសុខជាសកល។

ជាមួយគ្នានេះ លោកស្រី Aleksandra Zittle ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិក បានលើកឡើងថា ឆ្នាំ២០២៦ នេះ គឺជាខួបអនុស្សាវរីយ៍លើកទី ២៥០ នៃការកកើតសហរដ្ឋអាមេរិក ដែលជាសមិទ្ធផលដ៏សំខាន់មួយ ដែលយើងមិនត្រឹមតែអបអរសាទរ ក្នុងនាមជាប្រជាជនអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែយើងក៏បានអបអរសាទររួមគ្នា ជាមួយមិត្តភក្តិខ្មែររបស់យើងពេញមួយឆ្នាំនេះផងដែរ។
លោកស្រី បានប្តថា៖ តន្ត្រី Pacific Brass ដែលមានវត្តមាននៅពេលនេះ គឺជាភាសាសកល ដែលមិនត្រូវការការបកប្រែនោះឡើយ។ វាអាចឆ្លងកាត់ព្រំដែន ផ្សារភ្ជាប់វប្បធម៌ និងជះឥទ្ធិពលផ្ទាល់ ទៅកាន់បេះដូងមនុស្សគ្រប់រូប ហើយនៅរាត្រីនេះ តន្ត្រីបាននាំពួកយើងមកជួបជុំគ្នា នៅលើវិថីថ្មើរជើងនេះ ដើម្បីអបអរសាទរ ខួបកំណើតលើកទី ២៥០ របស់សហរដ្ឋអាមេរិក។ គំនិតផ្តួចផ្តើមកម្មវិធីនេះ បានស្តែងឱ្យឃើញពីទំនាក់ទំនង និងចំណងមិត្តភាពដ៏រឹងមាំ រវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីររបស់យើង។ ខណៈពេលដែលយើងកំពុងប្រារព្ធពិធីអបអរសាទរព្រឹត្តិការណ៍ដ៏វិសេសវិសាល និងជាប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិកនេះ សូមយើងរួមគ្នាអបអរសាទរផងដែរ នូវអ្វីដែលយើងបានកសាងរួមគ្នាកន្លងមក ដែលជាចំណងមិត្តភាពផ្អែកលើការគោរពគ្នាទៅវិញទៅមក ទំនាក់ទំនងដ៏យូរអង្វែង និងចក្ខុវិស័យរួមគ្នាមួយ សម្រាប់អនាគតដ៏មានសន្តិភាព និងវិបុលភាព៕









