Feature

រដ្ឋបាលខណ្ឌទួលគោក ចេញសេចក្តីប្រកាសព័ត៌មានបដិសេធ និងទាត់ចោលការផ្សាយបំភ្លៃការពិតរបស់ម្ចាស់ទីតាំងលក់ថ្មមួយកន្លែង ដែលវាយប្រហារលើការងាររៀបចំសណ្តាប់ធ្នាប់

ភ្នំពេញ៖ រដ្ឋបាលខណ្ឌទួលគោក នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ បដិសេធ និងទាត់ចោលទាំងស្រុងនូវការផ្សព្វផ្សាយព័ត៌មានមិនពិតនៅលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) ពាក់ព័ន្ធនឹងការចុះអនុវត្តច្បាប់រៀបចំសណ្តាប់ធ្នាប់លើរថយន្តដឹកដុំថ្មមួយគ្រឿង នៅតាមបណ្តោយផ្លូវលេខ២៧២ ក្នុងសង្កាត់ផ្សារដេប៉ូទី៣។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៨:៥០នាទី មានគណនីហ្វេសប៊ុកមួយបានបង្ហោះរូបភាព សម្តី និងខ្លឹមសាររិះគន់អាជ្ញាធរថា «មិនឱ្យរថយន្តដឹកថ្មចុះទំនិញ» ដែលហេតុការណ៍នេះបានកើតឡើងនៅមុខផ្ទះលេខ៣០៣ ផ្លូវលេខ២៧២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ដែលជាទីតាំងរបស់ឈ្មោះ ស្រីអូន លក់ថ្មលី។

ដើម្បីជៀសវាងការភាន់ច្រឡំពីសំណាក់សាធារណជន រដ្ឋបាលខណ្ឌទួលគោកបានធ្វើការបកស្រាយបំភ្លឺនូវអង្គហេតុពិតប្រាកដដូចខាងក្រោម៖

ការរំលោភយកទ្រូងផ្លូវសាធារណៈ៖ ទីតាំងលក់ខាងលើនេះ តែងតែធ្វើការលក់ដូរ បោះដុំ ចាក់រាយប៉ាយ និងយកទ្រូងផ្លូវ ព្រមទាំងចិញ្ចើមផ្លូវសាធារណៈធ្វើជាកន្លែងទម្លាក់ទំនិញ ដែលបង្កការកកស្ទះ និងបាត់បង់សណ្តាប់ធ្នាប់សាធារណៈយ៉ាងធ្ងន់ធ្ងរ។

ការមិនរវីរវល់នឹងការណែនាំ៖ កន្លងមក អាជ្ញាធរខណ្ឌទួលគោកបានចុះទៅធ្វើការអប់រំណែនាំជាច្រើនលើកច្រើនសាររួចមកហើយ ប៉ុន្តែម្ចាស់ទីតាំងមិនព្រមអនុវត្តតាមការណែនាំរបស់អាជ្ញាធរឡើយ។

សកម្មភាពជាក់ស្តែងនៅថ្ងៃកើតហេតុ៖ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក បានចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ក៏បានប្រទះឃើញរថយន្តដឹកដុំថ្មធំៗកំពុងចត និងផ្ទេរទំនិញនៅលើទ្រូងផ្លូវលេខ២៧២។ 

ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចបានឃាត់រថយន្តខាងលើ ដើម្បីយកទៅធ្វើការអប់រំណែនាំនៅទីបញ្ជាការស្រាលរដ្ឋបាលខណ្ឌ (អតីតមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់)។

ជំនួសឱ្យការសហការជាមួយអាជ្ញាធរ ម្ចាស់ទីតាំងបែរជាថតវីដេអូបង្ហោះនៅលើបណ្តាញសង្គម និយាយបំភ្លៃការពិត និងវាយប្រហារមកលើអាជ្ញាធរមានសមត្ថកិច្ច ដែលកំពុងបំពេញភារកិច្ចរៀបចំសណ្តាប់ធ្នាប់ជុំវិញតំបន់ផ្សារនាគមាស និងផ្សារដេប៉ូ។

រដ្ឋបាលខណ្ឌទួលគោក បានបញ្ជាក់បន្ថែមថា យុទ្ធនាការចុះរៀបចំសណ្តាប់ធ្នាប់នៅជុំវិញផ្សារនាគមាស ផ្សារអូឡាំពិក និងផ្សារដេប៉ូ គឺត្រូវបានធ្វើឡើងជារៀងរាល់ថ្ងៃ ចាប់តាំងពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ មកម៉្លេះ។ 

វិធានការនេះធ្វើឡើងក្នុងគោលបំណងរៀបចំសណ្តាប់ធ្នាប់ បើកផ្លូវដកហូតចិញ្ចើមផ្លូវជូនប្រជាពលរដ្ឋសម្រាប់ធ្វើដំណើរ និងបញ្ចៀសការកកស្ទះ ក៏ដូចជាគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ។

To Top