Feature

ការប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១៣ មានលក្ខណៈពិសេស ដោយមានបញ្ចូលមុខងារ AI និង Algorithms ដែលបង្ហាញពីសមត្ថភាពខ្ពស់របស់យុវជនកម្ពុជា

ភ្នំពេញ៖ ការប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១៣ ឆ្នាំ២០២៦ ABU Robocon Cambodia 2026 ការប្រកួតឆ្នាំនេះកាន់តែមានលក្ខណៈពិសេស និងទំនើបជាងមុន ដោយសារការបញ្ចូលនូវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI មុខងារគណនាស្មុគស្មាញ Algorithms និងប្រព័ន្ធទំនើបៗ ដែលបង្ហាញពីសមត្ថភាពខ្ពស់របស់យុវជនកម្ពុជា។

ព្រឹត្តិការណ៍នេះដែរប្រព្រឹត្តិទៅនាល្ងាចថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមការរៀបចំរបស់ទូរទស្សន៍ជាតិកម្ពុជា ដោយមានការចូលរួមពីសំណាក់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួងពាក់ព័ន្ធជាច្រើន រួមមាន ក្រសួងព័ត៌មាន, ក្រសួងអប់រំ យុវជន និងកីឡា, និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ក្នុងឱកាសនោះ លោក ឃឹម វុឌ្ឍី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានគូសបញ្ជាក់ថា ឆ្នាំ២០២៦ នេះ គឺជាខួបលើកទី១៣ គិតចាប់តាំងពីឆ្នាំ២០១៤ មក ដែលទូរទស្សន៍ជាតិកម្ពុជាបានខិតខំរៀបចំកម្មវិធីប្រកួតប្រជែងលំដាប់ថ្នាក់ជាតិនេះឡើង ដែលមានលក្ខណៈពិសេស និង ទំនើបជាងឆ្នាំមុនដោយមាន ការដាក់បញ្ជូលបន្ថែមនូវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI មុខងារគណនាស្មុគស្មាញ Algorithms និងប្រព័ន្ធទំនើបៗ ដែលបង្ហាញពីសមត្ថភាពខ្ពស់របស់យុវជនកម្ពុជា។

លោក បញ្ជាក់ថា ការប្រកួតប្រជែងយ៉ាងស្វិតស្វាញជាច្រើនវគ្គ រវាងក្រុមនិស្សិតមកពីបណ្តាសាកលវិទ្យាល័យ និងវិទ្យាស្ថាននានាទូទាំងប្រទេស គឺដើម្បីជ្រើសរើសក្រុមជើងឯកជីលីភី នឹងតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើដំណើរទៅចូលរួមប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ក្នុងកម្មវិធី ABU Robocon 2026 ដែលនឹងប្រព្រឹត្តទៅនៅ ក្រុងហុងកុង ប្រទេសចិន នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។

សូមបញ្ជាក់ថា ការប្រកួតប្រជែងយ៉ាងស្វិតស្វាញជាច្រើនវគ្គ គណៈកម្មការបានរកឃើញក្រុមជ័យលាភីកំពូលទាំង ៣ រួមមាន៖

ជ័យលាភីលេខ១៖ បានទៅលើក្រុម NPIC 01 វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
ជ័យលាភីលេខ២៖ បានទៅលើក្រុម NPIC 02 វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
ជ័យលាភីលេខ៣៖ បានទៅលើក្រុម TC 02 វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា៕

To Top