Feature

រដ្ឋមន្ត្រីបរិស្ថាន ដឹកនាំសកម្មភាពដាំដើមឈើ នៅខេត្តត្បូងឃ្មុំ ក្នុងយុទ្ធនាការបង្កើនគម្របបៃតង

ត្បូងឃ្មុំ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃ ទី៥ ខែកក្កដា ឆ្នាំ ២០២៦ បានជំរុញសកម្មភាពដាំដើមឈើ ក្នុងពេលតែមួយ នៅក្នុងមូលដ្ឋានឃុំទាំង៧ នៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ការដាំកូនឈើដាំដើមឈើនៅរដូវវស្សា គឺដើម្បីបង្កើតខែលការពារធម្មជាតិ ជួយស្រូបយកឧស្ម័នផ្ទះកញ្ចក់ បន្សុទ្ធខ្យល់ និងពង្រឹងភាពធន់របស់កម្ពុជាប្រឆាំងនឹងបាតុភូត El Niño (អែលនីញ៉ូ)។នៅរដូវវស្សាឆ្នាំនេះ រដ្ឋបាលស្រុកអូររាំងឪមានគម្រោងដាំកូនឈើតាមមូលដ្ឋាន និងតាមដងផ្លូវឱ្យបានប្រមាណ ១ម៉ឺនដើម។

 
ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្រសួងបរិស្ថានបានបង្កើតថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ដ៏ធំមួយ ដែលមានសមត្ថភាពបណ្តុះកូនឈើចម្រុះបានជាង ១លានដើម (រួមមានឈើប្រណិត ឈើហូបផ្លែ និងកូនត្នោត) សម្រាប់ផ្តល់ជូនសាធារណជន និងរដ្ឋបាលមូលដ្ឋានយកទៅដាំដោយឥតគិតថ្លៃ។

 
លើសពីនេះ ការដាំដើមឈើបង្កើនប្រាក់ចំណូលសហគមន៍៖ ដើមឈើដែលដាំនឹងជួយបង្កើនគម្របព្រៃឈើ បង្កើនសោភ័ណភាពនៅតាមសហគមន៍  ដែលអាចអនុញ្ញាតឱ្យកម្ពុជាទាក់ទាញអ្នកទេសចរណ៍ អ្នកវិនិយោគ ដើម្បីទាញយកប្រាក់ចំណូលមកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

សូមបញ្ជាក់ថាចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២៦ ក្រសួងបរិស្ថានបានរៀបចំយុទ្ធនាការថ្នាក់ជាតិ ចែកកូនឈើចំនួន ៥លានដើម ជូនសាធារណជនដោយឥតគិតថ្លៃ ដើម្បីធានាការដាំដើមឈើឱ្យបានច្រើន ឆ្ពោះទៅរកប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០៕

To Top