ព្រះមហាក្សត្រ ៖ សម្តេចតេជោ និងសម្តេចធិបតី បានថែរក្សាប្រាសាទ ព្រះវិហារគង់វង្ស
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាមានព្រះរាជបន្ទូលថា ក្រោយទទួលរងការរំលោភបំពាន និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរលើបូរណភាពទឹកដីពី សំណាក់បរទេស សម្តេចតេជោហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានថែរក្សាប្រាសាទព្រះវិហារ ព្រមទាំងយុទ្ធសាស្ត្ររួមបញ្ចូលគ្នា រវាងមនសិការស្នេហាជាតិ នឹងផ្អែកលើច្បាប់អន្តរជាតិ ។

ក្នុងឱកាសអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) តាមរយៈព្រះរាជសារ ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ការចុះបញ្ជីនេះ ជួយថែរក្សានិងអភិរក្សប្រាសាទព្រះវិហារ ឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូត នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។ ព្រះអង្គបានសម្តែងនូវកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះរាជតម្រិះ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានយកព្រះទ័យទុកដាក់ជានិច្ចកាលក្នុងការថែរក្សាសម្បត្តិវប្បធម៌ជាតិក្នុងមួយព្រះជន្មព្រះអង្គ ។

ព្រះមហាក្សត្រ មានព្រះរាជបន្ទូលបន្តថា ក្រោយពីទទួលរងការរំលោភបំពាន និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរលើបូរណភាពទឹកដីពី សំណាក់បរទេស នឹងដោយផ្អែកតាមស្មារតីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឆ្នើម ឈ្លាសវៃ វាសវៃ និងប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រមុខ និងបន្តមកបច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាលបានការពារ និងថែរក្សាប្រាសាទព្រះវិហារ ព្រមទាំងយុទ្ធសាស្ត្ររួមបញ្ចូលគ្នារវាងមនសិការស្នេហាជាតិ នឹងផ្អែកលើច្បាប់អន្តរជាតិ បានធានានូវសម្បត្តិបេតិកភណ្ឌដូនតាមួយនេះ ស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជាជានិរន្តរ៍ ក្រោយពីជម្លោះតាមព្រំដែន ៕










