Feature

មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ ៖ ក្រុមហ៊ុនបូមខ្សាច់នៅព្រៃវែង មានអាជ្ញាបណ្ណត្រឹមត្រូវ

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានស្រាយបំភ្លឺករណីហិង្សារវាងប្រជានេសាទ និងក្រុមហ៊ុនបូមខ្សាច់នៅខេត្តព្រៃវែងថា ក្រុមហ៊ុនបូមខ្សាច់ឈ្មោះចតុមុខ មានអាជ្ញាបណ្ណត្រឹមត្រូវ ហើយបូមនៅកន្លែងដែលផ្តល់អាជ្ញាបណ្ណមិនបានឆ្លងដែនចេញពីមូលដ្ឋានខ្លួនទេ ។

ការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែបែបនេះ ក្រោយមានការផ្ទុះការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានព្រំប្រទល់ខេត្តព្រៃវែង និងខេត្តកណ្ដាល ជាពិសេសក្នុងបណ្ដាញសង្គមថា មានករណីសាឡង់បូមខ្សាច់ របស់ក្រុមហ៊ុនចតុមុខបានធ្វើសកម្មភាពបូមខ្សាច់បណ្ដាលឱ្យមានការបាក់ច្រាំងទន្លេ និងប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ រហូតដល់មានការផ្ទុះការតវ៉ារវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនបូមខ្សាច់ បង្កជាហិង្សាបណ្ដាលឲ្យកម្មករខ្លះរងរបួស។

ក្នុងសន្និសីទសារព័ត៌មាន ដើម្បីស្រាយបំភ្លឺដល់សារធារណជន និង បង្ហាញវីដេអូរយៈពេលជាង១៦នាទី ពីការទាស់សម្ដី ឈានដល់ប្រើប្រាស់ហិង្សា រវាងប្រជានេសាទ និងក្រុមហ៊ុនបូមខ្សាច់នៅទីតាំងស្រុកកៀនស្វាយ ខេត្តកណ្ដាល នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែក្រសួងរ៉ែ និងថាមពលបានលើកឡើងថា “ក្រុមហ៊ុនចតុមុខដែលជាម្ចាស់សាឡង់បូមខ្សាច់នោះ គឺមានអាជ្ញាប័ណ្ណត្រឹមត្រូវតាមច្បាប់ ហើយបានធ្វើសកម្មភាពបូមខ្សាច់ នៅក្នុងដែនអាជ្ញាបណ្ណរបស់ខ្លួន”។

លោកបន្ថែមថា មុននឹងផ្តល់អាជ្ញាបណ្ណ មន្ត្រីជំនាញនៃក្រសួងរ៉ែបានចុះមកសិក្សា និងពិនិត្យដោយផ្ទាល់យ៉ាងល្អិតល្អន់រួចមកហើយ។ លោក អ៊ឹង ឌីប៉ូឡា ក៏បានបកស្រាយអំពីការព្រួយបារម្ភរបស់ប្រជាពលរដ្ឋទាក់ទងនឹងការបាក់ច្រាំងទន្លេដោយបញ្ជាក់ថា មន្ត្រីជំនាញបានចុះទៅពិនិត្យជាក់ស្តែង ហើយពុំបានរកឃើញថា មានបញ្ហាបាក់ច្រាំងទន្លេដោយសារការបូមខ្សាច់នៅខេត្តព្រៃវែងនោះទេ ។

លោកអគ្គនាយក ក៏បានពន្យល់ពីគោលបំណងនៃការបូមខ្សាច់ថា បូមនៅកន្លែងទឹករាក់ ដើម្បីឱ្យជម្រៅទន្លេមានភាពស្មើគ្នា ជៀសវាងកន្លែងមួយរាក់ កន្លែងមួយជ្រៅដែលអាចបង្កឱ្យមានការបាក់ច្រាំងនៅកន្លែងទឹកជ្រៅ។ លើសពីនេះ ការបូមខ្សាច់ក៏ជួយសម្រួលដល់នាវាចរណ៍ដឹកទំនិញធុនធ្ងន់ ឱ្យអាចធ្វើដំណើរឆ្លងកាត់តាមដងទន្លេមេគង្គបានដោយរលូនផងដែរ។

ដើម្បីដោះស្រាយផលប៉ះពាល់ និងឆ្លើយតបទៅនឹងសំណូមពរ របស់តំណាងប្រជាពលរដ្ឋ មេឃុំ និងមេភូមិ លោកអគ្គនាយក នៃអគ្គនាយកដ្ឋានរ៉ែបានដាក់ចេញនូវយន្តការមួយចំនួន ។ យន្តការនេះ តម្រូវឱ្យម្ចាស់ក្រុមហ៊ុនបូមខ្សាច់ បន្តបូមនៅក្នុងដែនអាជ្ញាប័ណ្ណរបស់ខ្លួនដដែល ប៉ុន្តែត្រូវដាក់ពោងចល័តចាប់ពីម៉ោង ៦ព្រឹក រហូតដល់ម៉ោង ៦ល្ងាច ហើយត្រូវដកទាំងពោងទាំងសាឡង់ទៅខាង ដើម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងការនេសាទត្រី ៕

To Top