Feature

លោក ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយ សភាពាណិជ្ជកម្មអឺរ៉ុប ពាក់ព័ន្ធនឹងការធ្វើឱ្យប្រសើរឡើងនៃការដឹកជញ្ជូន

ព្រះសីហនុ៖ នាថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham) ដឹកនាំដោយលោក Tassilo Brinzer ប្រធាន EuroCham ពាក់ព័ន្ធនឹងការធ្វើឱ្យប្រសើរឡើងនៃការដឹកជញ្ជូន និងវិស័យភស្តុភារកម្មជាតិ។

អង្គប្រជុំ បានដំណើរការទៅរលូន តាមរបៀបវារៈបានគ្រោងទុក ដោយមានការពិភាក្សាផ្លាស់ប្តូរ យោបល់យ៉ាងផុលផុសជុំវិញ សូចនាករនានាដែលបានប្រមូល និងវិភាគដោយ EuroCham ក្នុងគោលបំណងធ្វើឱ្យកាន់តែប្រសើរឡើង នៃវិស័យដឹកជញ្ជូន និងវិស័យភស្តុភារកម្មជាតិ ជាពិសេស ទាក់ទងនឹងការដឹកជញ្ជូននាំចេញនិងនាំចូល។

ជាមួយគ្នានោះ តំណាងក្រុមហ៊ុនដែលជាអ្នកផ្តល់សេវាកម្មលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន រួមមាន ក្រុមហ៊ុន PPSHV Expressway និងក្រុមហ៊ុន Royal Railway PLC បានចូលរួមផ្តល់យោបល់ និងផ្លាស់ប្តូរទស្សនៈ សំដៅបង្កើនប្រសិទ្ធភាព នៃការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលមានស្រាប់របស់ខ្លួន។

ជាកិច្ចឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានធ្វើការកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះរាល់មតិយោបល់ ព្រមទាំងកង្វល់នានាដែលត្រូវបានលើកឡើងដោយតំណាង EuroCham។ ជាមួយគ្នានេះ លោក ក៏បានផ្តល់នូវអនុសាសន៍ណែនាំ និងការចង្អុលបង្ហាញសំខាន់ៗមួយចំនួន ដើម្បីជាការតម្រង់ទិសក្នុងការដោះស្រាយបញ្ហាប្រឈម សំដៅលើកកម្ពស់ និងបង្កើនប្រសិទ្ធភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ ក្នុងគោលដៅប្រែក្លាយកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលភស្តុភារកម្មដ៏មានភាពប្រកួតប្រជែងមួយនៅក្នុងតំបន់។
ក្នុងកិច្ចប្រជុំនេះដែរ តំណាង ក.ស.ស. បានធ្វើបទបង្ហាញអំពី PASNet ដែលជាកម្មវិធីទូរស័ព្ទដៃ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៣ ក្នុងគោលបំណងផ្តល់ព័ត៌មាន និងសម្រួលដល់ប្រតិបត្តិការសម្រាប់អតិថិជន ម្ចាស់ទំនិញ អ្នកលក់ និងអ្នកបើកបររថយន្តដឹកជញ្ជូនទំនិញទាំងអស់ ដែលគ្របដណ្តប់លើការលើកដាក់កុងតឺន័រនៅ ក.ស.ស។

ក្នុងឆ្នាំ២០២៦នេះ PASNet បានធ្វើសមាហរណកម្ម ភ្ជាប់ជាមួយមជ្ឈមណ្ឌលប្រព័ន្ធអាស៊ីគូដា (ASYCUDA – Automated System for Customs Data) ជាប្រព័ន្ធគ្រប់គ្រងទិន្នន័យគយស្វ័យប្រវត្តិ នៃអង្គការសហប្រជាជាតិ។

បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំពិភាក្សា លោកឧបនាយករដ្ឋមន្ត្រី បានបន្តដឹកនាំសមាសភាពចូលរួមទាំងអស់ ធ្វើទស្សនកិច្ច និងពិនិត្យប្រតិបត្តិការផ្ទាល់ (Site Visit) នៅក្នុងបរិវេណកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រោមកិច្ចរៀបចំសម្របសម្រួលពីរដ្ឋបាល ក.ស.ស.។ ការចុះពិនិត្យផ្ទាល់នេះ គឺដើម្បីស្វែងយល់បន្ថែមអំពីវឌ្ឍនភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស និងសមត្ថភាពជាក់ស្តែងក្នុងការឆ្លើយតបទៅនឹងកំណើននៃទំហំពាណិជ្ជកម្មអន្តរជាតិ៕

To Top