AFD ប្រចាំកម្ពុជា នឹងផ្តល់ឥណទាន ជួយរាជធានីភ្នំពេញបន្ថែមទៀត លើគម្រោងសាងសង់ អាងប្រព្រឹត្តកម្មទឹកកខ្វក់ នៅភាគខាងជើង
ភ្នំពេញ៖ ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ AFD ប្រចាំកម្ពុជានឹងផ្តល់ឥណទាន ជួយរាជធានីភ្នំពេញបន្ថែមទៀត តាមរយៈការជួយលើគម្រោងសាងសង់ អាងប្រព្រឹត្តកម្មទឹកកខ្វក់ នៅភាគខាងជើងរាជធានីភ្នំពេញ ខណៈដែល AFD បានជួយរាជធានីភ្នំពេញ ប្រមាណ៣០ឆ្នាំហើយ ទាំងហេដ្ឋារចនាសម្ព័ន្ធនិងនវានុវត្តន៍ជាដើម ។

នេះបើតាមជំនួបសំដែងការគួសម រវាងលោក ឃួង ស្រេង អភិបាលអភិបាលរាជធានីភ្នំពេញ និងលោកស្រី សាន់ឌ្រីន ប៊ូឆ័រ (Sandrine BOUCHER) នាយិកាទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ AFD ប្រចាំកម្ពុជា នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦នេះ នៅសាលារាជធានីភ្នំពេញ។

ក្នុងជំនួបនេះ លោក ឃួង ស្រេង បានលើកឡើងថា កំណើតប្រជាពលរដ្ឋ និងលំនៅដ្ឋានកើនឡើង បានធ្វើឱ្យរាជធានីភ្នំពេញ ប្រឈមនឹងបញ្ហាសំណល់រាវ ដែលទាមទាឱ្យមានការដោះស្រាយ។ ពាក់ព័ន្ធនឹងបញ្ហានេះ AFD ប្រចាំកម្ពុជា បានជួយរាជធានីភ្នំពេញជាច្រើន ទាំងអគ្គិសនី ទឹកស្អាតផងដែរ។

លោក ឃួង ស្រេង បានបន្តថា នៅរាជធានីភ្នំពេញ ប្រជាពលរដ្ឋ មានទឹកស្អាតប្រើប្រាស់ ប្រមាណ៩០%ហើយ។ ដោយមានកម្ចីពី AFD បានពង្រីកស្ថានីយ៍ផលិតទឹកស្អាតប្រើប្រាស់ជាបន្តបន្ទាប់ យើងសង្ឃឹមថានៅឆ្នាំ២០៣០ នៅរាជធានីភ្នំពេញ នឹងទទួលមានទឹកស្អាត ប្រើប្រាស់គ្រប់គ្រាន់។

ក្រោមជំនួយពីទីក្រុងប៉ារីស និងចៃការបស់ជប៉ុន រាជធានីភ្នំពេញ បានដោះស្រាយបញ្ហាប្រឈម និងសំណល់រាវ បានល្អប្រសើរ។ ជាងនេះទៅទៀត សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្កើតនូវគម្រោងឥណទានមួយ ដោយប្រើប្រាស់ថវិកាប្រមាណជាង១០០លានដុល្លារ ដើម្បីដោះស្រាយបញ្ជៀសនូវការលិចលង់ទៀតផង។

ក្នុងនោះដែត លោក ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណចំពោះ AFD ដែលមានគម្រោង ជួយកសាងអាងប្រព្រឹត្តកម្មទឹកកខ្វក់មួយ នៅខាងជើងរាជធានីភ្នំពេញ។
ជាមួយលោកស្រី សាន់ឌ្រីន ប៊ូឆ័រ នាយិកាទីភ្នាក់ងារ បារាំងសម្រាប់អភិវឌ្ឍន៍ AFD បានលើកឡើងថា AFD បានជួយរាជធានីភ្នំពេញ ប្រមាណ៣០ឆ្នាំហើយ ទាំងហេដ្ឋារចនាសម្ព័ន្ធនិងនវានុវត្តន៍ ដោយការផ្តល់សេវាតំបូងគេនៅរាជធានីភ្នំពេញ គឺទឹកស្អាតនិងអគ្គិសនី។ បន្ថែមពីនេះ AFDនឹងជួយកសាងសមត្ថិភាពក្មេងជំនន់ក្រោយបន្ថែមទៀត ដូចជាការកសាងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយបណ្តុះបណ្តាលជំនាញទឹកស្អាត ការជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងនវានុវត្តន៍ក្នុងកម្រិតខ្ពស់។

លោកស្រី សាន់ឌ្រីន ប៊ូឆ័រ បានបញ្ជាក់ថា អ្វីដែល AFDនិងរដ្ឋបាលរាជធានីភ្នំពេញ កំពុងធ្វើនៅពេលនេះគឺការសិក្សា លើគម្រោងសាងសង់ អាងប្រព្រឹត្តកម្មទឹកកខ្វក់ នៅភាគខាងជើងរាជធានីភ្នំពេញ គម្រោងនេះនឹងឃើញពន្លឺថ្ងៃ នៅពេលឆាប់ៗនេះ៕













