សម្តេចធិបតី ៖ ការដឹកជញ្ជូនកុំឱ្យលើសទម្ងន់ ដើម្បីធានាដល់ការថែទាំផ្លូវយូរអង្វែង
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា មានប្រសាសន៍ថា ការដឹកជញ្ជូន ត្រូវធ្វើយ៉ាងណាកុំឱ្យលើសទម្ងន់ ក្នុងការធានាឱ្យសមស្រប និងស្របតាមច្បាប់ ដើម្បីធានាដល់ការថែទាំផ្លូវយូរអង្វែង ។

ក្នុងពិធីបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា ក្រសួងសាធារណៈការ ត្រូវពិនិត្យលើក្រុមហ៊ុន ដឹកជញ្ជូនឱ្យមានចីរភាព ដើម្បីធានាការប្រកួតប្រជែងស្មើភាពគ្នា ហើយការចូលរួមថែរក្សា ផ្លូវថ្នល់គឺទទួលបានផលប្រយោជន៍រួម ។

សម្តេចធិបតីបន្តថា រាល់ការដឹកជញ្ជូន ត្រូវចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ព្រោះកាលណាដឹកលើសទំងន់ នឹងធ្វើឱ្យខូចខាតផ្លូវថ្នល់ ។ ដូច្នេះត្រូវចូលរួម ថែរក្សាទាំងអស់គ្នា បើមិនដូច្នេះទេ ផ្លូវនឹងអាចខូចហើយ បង្កការលំបាកក្នុងការធ្វើដំណើរ ។

សម្តេចធិបតីមានប្រសាសន៍ថា “ការថែទាំផ្លូវ ជួសជុលផ្លូវ ត្រូវធ្វើឱ្យជាប់ យើងបានអនុវត្តកន្លងមក ប៉ុន្តែចីរភាពក្នុងការគ្រប់គ្រង ការដឹកជញ្ជូនលើសទំងន់នេះ ពិសេសក្រោយពីយើង ធ្វើវិសោធនកម្មច្បាប់ ដែលដំឡើងកម្រិតទំងន់ជូនអ្នកដឹកជញ្ជូនហើយ គឺសូមចូលរួមគោរពច្បាប់ទាំងអស់គ្នា ដើម្បីថែទាំ ថែរក្សាឱ្យបានយូរអង្វែង”។

សម្តេចធិបតីសង្កត់ធ្ងន់ថា បើគ្រប់គ្នាចូលរួមថែរក្សាផ្លូវឱ្យបានល្អ មិនចាំបាច់ចំណាយថវិកាមកជួសជុលទេ ហើយក៏អាចបង្វែរថវិកាទៅកសាងស្ពានឆ្លងទន្លេ ឬក៏ធ្វើផ្លូវបេតុងណាផ្សេងទៀត ៕











