រដ្ឋមន្ត្រី ហួត ហាក់ លើកទឹកចិត្តឱ្យបន្តជំរុញ ការអភិវឌ្ឍកម្មវិធី ទេសចរណ៍ឌីជីថល ឱ្យកាន់តែមានប្រសិទ្ធភាព និងងាយស្រួល ដល់អ្នកប្រើប្រាស់
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកទឹកចិត្តឱ្យបន្តជំរុញការអភិវឌ្ឍ កម្មវិធីទេសចរណ៍ឌីជីថល ឱ្យកាន់តែមានប្រសិទ្ធភាព និងងាយស្រួលដល់អ្នកប្រើប្រាស់ ព្រមទាំងស្នើខាងភាគីក្រុមហ៊ុន X Capital Investment Co., Ltd.នៃប្រទេសចិន បន្តផ្សព្វផ្សាយពីស្ថានភាព ជាក់ស្តែងនៅកម្ពុជា ។

ការលើកទឹកចិត្តនេះ ធ្វើឡើងក្នុងជំនួបរវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Tong David អគ្គនាយកក្រុមហ៊ុន X Capital Investment Co., Ltd. និង ជាប្រធានកិត្តិយសសមាគម ជំរុញកិច្ចសហប្រតិបត្តិការ មិត្តភាពកម្ពុជា-ចិន កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងទេសចរណ៍ ។

ក្នុងជំនួបខាងលើនេះ ភាគីទាំងពីរ បានពិភាក្សាការងារ អំពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើការ ផ្សព្វផ្សាយទេសចរណ៍កម្ពុជា ការអភិវឌ្ឍទេសចរណ៍ឌីជីថល និងការជំរុញគម្រោងអាទិភាពរបស់ក្រុមហ៊ុន X Capital Investment ព្រមទាំងផ្លាស់ប្តូរទស្សនៈស៊ីជម្រៅ លើយន្តការជំរុញការផ្សព្វផ្សាយ គោលដៅទេសចរណ៍កម្ពុជា ការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនចិនមកកម្ពុជា ។

ក្នុងជំនួបនេះ លោក Tong David បានរាយការណ៍អំពីលទ្ធផល នៃការងាររបស់ក្រុមហ៊ុន X Capital Investment Co., Ltd. និងសមាគមលើការចូលរួមផ្សព្វផ្សាយ សក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសការអនុវត្តគម្រោងពាក់ព័ន្ធ នឹងវិស័យទេសចរណ៍ឌីជីថល ដែលជាគម្រោងអាទិភាពរបស់ក្រុមហ៊ុន X Capital Investment ក្នុងការចូលរួមគាំទ្រ ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា តាមរយៈគម្រោងសំខាន់ៗ ចំនួន៣ រួមមាន ការរៀបចំពិព័រណ៍ផ្សព្វផ្សាយកម្ពុជា នៅប្រទេសចិន (Angkor Smile Exhibition), ការបង្កើតហាងទំនិញជាតិកម្ពុជា នៅប្រទេសចិន (Cambodia National Shop) និង ការអភិវឌ្ឍកម្មវិធីទូរស័ព្ទ Angkor App ដើម្បីផ្តល់ព័ត៌មាន និងសេវាកម្មដល់ភ្ញៀវទេសចរ ដែលមានគោលបំណងផ្សព្វផ្សាយអរិយធម៌អង្គរ បេតិកភណ្ឌវប្បធម៌ ផលិតផលជាតិ និងសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារចិន និងអន្តរជាតិ តាមរយៈបច្ចេកវិទ្យាឌីជីថល ព្រមទាំងបានស្នើសុំការគាំទ្រ ពីក្រសួងទេសចរណ៍ ដើម្បីជំរុញការអនុវត្តគម្រោងទាំងនេះ ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យបន្តជំរុញ ការអភិវឌ្ឍកម្មវិធីទេសចរណ៍ឌីជីថល ឱ្យកាន់តែមានប្រសិទ្ធភាព និងងាយស្រួលដល់អ្នកប្រើប្រាស់ ព្រមទាំងស្នើខាងភាគី ក្រុមហ៊ុនបន្តផ្សព្វផ្សាយ ពីស្ថានភាពជាក់ស្តែងនៅកម្ពុជា ដែលបន្តរក្សាបាននូវសន្តិភាព ស្ថិរភាព សន្តិសុខ និង សុវត្ថិភាព ដែលជាមូលដ្ឋានដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍ វិស័យទេសចរណ៍ និងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនអន្តរជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចាត់ទុក វិស័យទេសចរណ៍ ជាឆ្នឹងខ្នងក្នុងការជំរុញ កំណើនសេដ្ឋកិច្ចជាតិ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន X Capital Investment ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៣ ដោយផ្តោតលើការវិនិយោគ និងអភិវឌ្ឍគម្រោងលើវិស័យវប្បធម៌ ទេសចរណ៍ និងឌីជីថល ដែលបច្ចុប្បន្ន ក្រុមហ៊ុនកំពុងអនុវត្តគម្រោងអាទិភាពចំនួន៣ រួមមាន Angkor Smile Exhibition, Cambodia National Shop និង Angkor App ដែលមានគោលបំណងផ្សព្វផ្សាយ អរិយធម៌អង្គរ បេតិកភណ្ឌវប្បធម៌ ផលិតផលជាតិ និងសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារចិន និងអន្តរជាតិ ។ ក្នុងនោះ ពិព័រណ៍ Angkor Smile Exhibition លើកទី១ ដែលបានរៀបចំនៅទីក្រុង ប៉េកាំង បានទទួលអ្នកចូលទស្សនាជាង ៧,០០០ នាក់ និងបានផ្សព្វផ្សាយ ដល់ប្រជាជនចិនជាង ២ លាននាក់ តាមរយៈយុទ្ធនាការឌីជីថល ដែលបង្ហាញពីសក្តានុពល នៃការពង្រីកទីផ្សារ ទេសចរណ៍ និងការលើកកម្ពស់កេរ្តិ៍ឈ្មោះ កម្ពុជានៅប្រទេសចិន៕













