លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ដ្រ ដឹកនាំកិច្ចប្រជុំ ពង្រឹងការងារផែនការងារធនធានមនុស្ស និងប្រគល់លិខិតសរសើរដល់មន្ត្រីឆ្នើម
ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ដ្រ បានដឹកនាំកិច្ចប្រជុំ ពង្រឹងការងាររបស់ ផែនការងារធនធានមនុស្ស ដើម្បីជំរុញប្រសិទ្ធភាពការងារ និងពង្រឹងវិន័យ ក្នុងការបំពេញតួនាទីភារកិច្ច របស់មន្ត្រីនគរបាលជាតិ។

ក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ត្រី បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់អនុវត្តការងារសំខាន់ៗរួមមាន៖ ការធ្វើបច្ចុប្បន្នភាព បណ្តាញផ្សព្វផ្សាយព័ត៌មាន និងដំណឹង, ពង្រឹងការងារស្នើសុំចូលជា សមាជិកសមាគមមិត្តនគរបាលជាតិ, កាត់បន្ថយការប្រើប្រាស់អគ្គិសនី ក្នុងស្មារតីសន្សំសំចៃថវិកាជាតិ, បន្តធ្វើបច្ចុប្បន្នភាពអត្តសញ្ញាណប័ណ្ណនគរបាលជាតិ ព្រមទាំងពន្លឿនការបំពេញការងារ និងការរាយការណ៍ជូនថ្នាក់ដឹកនាំឱ្យបានទាន់ពេលវេលា។
ជាមួយគ្នានេះ លោកក៏បានក្រើនរំលឹកដល់មន្ត្រីនគរបាលទាំងអស់ឱ្យ គោរពយ៉ាងម៉ឺងម៉ាត់នូវបទវិន័យ ការគោរពម៉ោងពេលបំពេញតួនាទីភារកិច្ច និងការស្លៀកពាក់ឯកសណ្ឋានឱ្យបានត្រឹមត្រូវ ស្របតាមអនុក្រឹត្យរបស់ក្រសួងមហាផ្ទៃ។

ទន្ទឹមនឹងនោះ ត្រូវចូលរួមគោរពទង់ជាតិជារៀងរាល់ព្រឹកថ្ងៃចន្ទ ឱ្យបានគ្រប់ៗគ្នា ពង្រឹងកម្លាំងវេនប្រចាំបញ្ជា ត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ សម្រាប់ការចុះជំរឿនមន្ត្រីនគរបាលជាតិ និងបែងចែកក្រុមការងារ ចុះជួយតាមភូមិ-ឃុំ ក្នុងស្រុកក្រគរ។
ក្នុងឱកាសនោះផងដែរ លោកស្នងការរង បានប្រគល់លិខិតសរសើរ ជូនដល់មន្ត្រីនគរបាលនៃផែនការងារធនធានមនុស្ស ដែលបានបំពេញតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរ ក្នុងការចូលរួមថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននាពេលកន្លងមក៕








ប្រភព÷ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល









