កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដោះស្រាយការប្រែប្រួលអាកាសធាតុ
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយ លោក Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតអេមីរ៉ាតអារ៉ាប់រួម (UAE) ប្រចាំកម្ពុជា ខណៈភាគីទាំងពីរ ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដោះស្រាយការប្រែប្រួលអាកាសធាតុ ជាបញ្ហាសកល។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាសកល ហើយដើម្បីឆ្លើយតបនឹងបញ្ហាសកលនេះ កម្ពុជា បានប្តេជ្ញាចិត្តរួមគ្នាជាមួយពីភពលោក ក្នុងការរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។ កិច្ចសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំងពីរ កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម លើវិស័យបរិស្ថាន បាននិងកំពុងប្រព្រឹត្តទៅយ៉ាងសកម្ម និងស៊ីជម្រៅ ផងដែរ។
លោករដ្ឋមន្រ្តី បានថ្លែងបន្ថែមថា កម្ពុជាទទួលបានជោគជ័យ ក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក តាមរយៈការចូលរួមពីសិស្សនុសិស្សទូទាំងប្រទេសមានការប្តេជ្ញាចិត្តមិនប្រើថង់ប្លាស្ទិក បានច្រើន។
ជាមួយគ្នានេះក្រសួងបរិស្ថាន បាននិងធ្វើការអនុវត្តច្បាប់តឹរឹងក្នុងការគ្រប់គ្រងនិងទប់ការបំពុលដី ទឹក និងខ្យល់ និងបន្តទៅពង្រីកវិលសាលភាពបៃតង តាមរយៈការដាំដើមឈើយ៉ាងតិចឱ្យបានជាង ១លានដើមក្នុង១ឆ្នាំ ហើយដោយឡែកនៅឆ្នាំ២០២៦នេះ ក្រសួងបរិស្ថានបាន រៀបចំចែកកូនឈើជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃដើម្បីយកទៅដាំតាមទីតាំងនានាតាមមូលដ្ឋាន និងដាំស្តារព្រៃ ចំនួន៥លានដើម។ យុទ្ធនាការបង្កើនគម្បបៃតង ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដើម្បីកម្ពុជាឈានឆ្ពោះទៅសម្រេចបាន គម្របបៃតងកាន់ច្រើន និងក្លាយជាប្រទេសអាព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។
ស្របតាមការថ្លែងឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី ,លោក ឯកអគ្គរាជទូតអេមីរ៉ាតអារ៉ាប់រួម ប្រចាំកម្ពុជា បានសម្តែងនូវការកោតសរសើរ និងជំនឿយ៉ាងមុតមាំថា ក្រសួងបរិស្ថានប្រាកដជាសម្រេចបានទៅតាមយុទ្ធសាស្រ្តរបស់ខ្លួន ហើយនឹងបានរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាសកលជាមួយនឹងអេមីរ៉ាតអារ៉ាប់រួមដែរ។
លោក បានលើកឡើងពីការប្តេជាចិត្តរួមគ្នាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាបរិស្ថានសកល និងលើការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការជំរុញថាមពលកកើតឡើងវិញ និងការអភិវឌ្ឍដោយចីរភាព៕









