មន្រ្តីជំនាញ និងស្ថាប័នពាក់ព័ន្ធ បានផ្តល់មតិយោបល់ ដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាង គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០២៦-២០៣៥
បាត់ដំបង ៖ ក្រសួងការងារនិងប ណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសិក្ខាសាលាប្រឹក្សាយោបល់ ប្រមូលធាតុចូលលើសេចក្តីព្រាង គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០២៦-២០៣៥ នាថ្ងៃទី៦-៧ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកបណ្ឌិត ជួប ឋិតឋេរឫទ្ធិ អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សិក្ខាសាលានេះមានការចូលរួមពីលោក លោកស្រី ជាទីប្រឹក្សាក្រសួង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងនាយកដ្ឋាន អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធានគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រឹះស្ថានបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ (TVET) សមាជិក និងសមាជិកា គណៈកម្មាធិការបណ្តុះបណ្តាលខេត្តបាត់ដំបង តំណាងវិស័យឯកជនជាដៃគូរបស់គ្រឹះស្ថាន TVET ក្នុងខេត្ត ព្រមទាំងសិស្ស និស្សិត នៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង សរុបចំនួន ១៣៥នាក់។

ថ្លែងក្នុងឱកាសនេះ លោក អនុរដ្ឋលេខាធិការ បានបញ្ជាក់ថា គោលនយោបាយជាតិនេះ នឹងក្លាយជាឯកសារ យុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ជំរុញការអភិវឌ្ឍជំនាញបច្ចេកទេស និងវិជ្ជាជីវៈ សំដៅរួមចំណែកជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច លើកកម្ពស់ភាពប្រកួតប្រជែងជាតិ បង្កើតការងារសមរម្យ និងបង្កើនប្រាក់ចំណូល របស់ប្រជាពលរដ្ឋ ។ ទន្ទឹមនឹងនេះ គោលនយោបាយនេះក៏នឹងដើរតួនាទី យ៉ាងសំខាន់ក្នុង ការគាំទ្រ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ការសម្រេចបាន នូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ការអនុវត្តយុទ្ធសាស្ត្រ បញ្ចកោណ- ដំណាក់កាលទី១ គោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មដំណាក់កាលបន្ទាប់ គោលនយោបាយជាតិស្តីពីមុខរបរ និង ការងារដំណាក់កាលបន្ទាប់ ព្រមទាំងការត្រៀមចាកចេញ ពីឋានៈប្រទេស ដែលមានការអភិវឌ្ឍតិចតួច (LDC) ប្រកបដោយជោគជ័យ។

អង្គសិក្ខាសាលាបានចូលរួមពិភាក្សា និងផ្តល់ធាតុចូលយ៉ាងផុសផុល លើសេចក្តីព្រាងគោលនយោបាយ ព្រមទាំងបានបង្ហាញការគាំទ្រ យ៉ាងពេញទំហឹងចំពោះការរៀបចំគោលនយោបាយនេះ ដែលមានគោលដៅកសាងកម្លាំង ពលកម្មឱ្យមានជំនាញ សម្បទាការងារ និងសម្បទាបត់បែន អាចឆ្លើយតបទៅនឹងការប្រែប្រួលនៃតម្រូវការទីផ្សារការងារ ប្រកបដោយភាពធន់ និងបរិយាបន្ន៕















