Feature

ក្រសួងព័ត៌មាន កំពុងខិតខំកែទម្រង់ និងពង្រឹងគុណភាពព័ត៌មាន

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានថ្លែងថា បច្ចុប្បន្នក្រសួង កំពុងខិតខំប្រឹងប្រែងកែទម្រង់ និងពង្រឹងគុណភាពព័ត៌មាន ដើម្បីធានាការដល់ការផ្សព្វផ្សាយព័ត៌មានពិតដែលជាអំណាចនៃការសម្រេចចិត្តដ៏ត្រឹមត្រូវ ។
ក្នុង «ពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងវិស័យព័ត៌មាន» នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ លោក នេត្រ ភក្ត្រា ថ្លែងថា បច្ចុប្បន្នវិស័យព័ត៌មាន បានក្លាយទៅជាវិស័យយុទ្ធសាស្រ្តមួយ ក្នុងការងារអប់រំសាធារណៈជន , ការផ្សព្វផ្សាយចំណេះដឹង , ការលើកកម្ពស់តម្លាភាព និងគណនេយ្យភាព ព្រមទាំងការពង្រឹងទំនាក់ទំនងរវាងរដ្ឋនិងវិស័យឯកជន ។

លោកបន្តថា ដូច្នេះការផ្តល់ព័ត៌មានពិតមិនត្រឹមតែជួយ ទៅដល់ប្រជាពលរដ្ឋឱ្យយល់ដឹង អំពីព្រឹត្តិការណ៍ជាតិ និងអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងជាអំណាចនៃការសម្រេចចិត្តដ៏ត្រឹមត្រូវដែលជួយឱ្យថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ អាចឆ្លើយតបនឹងបញ្ហាបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

រដ្ឋមន្រ្តីបញ្ជាក់ថា “ក្នុងបរិបទនេះ ក្រសួងព័ត៌មានបានខិតខំនឹងកែទម្រង់និងពង្រឹងគុណភាពព័ត៌មាន និងការផ្សព្វផ្សាយដើម្បីធានាថា ព័ត៌មានពិត គឺជាអំណាចនៃការសម្រេចចិត្តដ៏ត្រឹមត្រូវតាមរយៈយន្តការផ្សេងៗដូចជា ៖ ការរៀបចំយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយថ្នាក់ជាតិ គឺជាយុទ្ធនាការនិយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយជំហានទី១និងទី២ និងយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយថ្នាក់មហាអនុតំបន់ទន្លេមេគង្គ ក្រោមកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង , ការពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត ការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យព័ត៌មាន”។

លោកនេត្រ ភក្ត្រា សង្កត់ធ្ងន់ថា ដូច្នេះការចូលរួម របស់ស.ស.យ.ក. ក្នុងវិស័យព័ត៌មាន គឺជាការចូលរួមចំណែកយ៉ាង សំខាន់ក្នុងការលើកកម្ពស់វិស័យព័ត៌មាន និងសោតទស្សន៍ នៅកម្ពុជាស្របតាមអភិក្រមថ្មី ពិត លឿន និងទូលំទូលាយប្រកបដោយជំនឿ ទុកចិត្ត និងវិជ្ជាជីវៈដើម្បីផ្សាភ្ជាប់ទៅគ្រប់មជ្ឈដ្ឋាន , ការប្រយុទ្ធប្រឆាំងព័ត៌មាន ក្លែងក្លាយដែលបំពុលសង្គមជាតិ និងការផ្សព្វផ្សាយសមិទ្ធផលជាតិ ទៅកាន់មហាជនទាំងក្នុងនិងក្រៅប្រទេស៕

To Top