កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ ស្រាវជ្រាវ និងហេដ្ឋារចនាសម្ព័ន្ធគុណភាព
ភ្នំពេញ ៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួប លោក Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរដ្ឋទូតសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម ប្រចាំកម្ពុជា (និវេសនដ្ឋាន នៅទីក្រុងបាងកក) នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីពិភាក្សាអំពីការពង្រឹង កិច្ចសហប្រតិបត្តិការទ្វេភាគី លើការអភិវឌ្ឍធនធានមនុស្សផ្នែកវិទ្យាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ។
ភាគីទាំងពីរ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសក្តានុពល ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិរបស់កម្ពុជា ដើម្បីគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា–អារ៉ាប់រួម (CEPA) ដោយជួយកាត់បន្ថយរបាំងបច្ចេកទេសក្នុងពាណិជ្ជកម្ម និងសម្រួលដល់លំហូរទំនិញរវាងប្រទេសទាំងពីរ។
លោក រដ្ឋមន្ត្រីបានលើកឡើងថា «ហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ គឺជាមូលដ្ឋានបច្ចេកទេស ដែលគាំទ្រដល់ការធ្វើពាណិជ្ជកម្ម។ យើងស្វាគមន៍កិច្ចសហប្រតិបត្តិការកាន់ តែជិតស្និទ្ធជាមួយសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម ដើម្បីពង្រឹងសមត្ថភាពស្តង់ដារូបនីយកម្ម មាត្រាសាស្ត្រ មន្ទីរពិសោធន៍ និងវិញ្ញាបនបត្រកម្មរបស់កម្ពុជា ទន្ទឹមនឹងនោះជំរុញកិច្ចព្រមព្រៀងបច្ចេកទេសចាំបាច់នានា ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ»។
កិច្ចពិភាក្សាក៏បានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈកម្មវិធីអាហារូបករណ៍ ការផ្លាស់ប្តូរសិស្សនិស្សិត និងកម្មវិធីស្រាវជ្រាវរួមរវាងប្រទេសទាំងពីរ។
លោក ឯកអគ្គរដ្ឋទូត បានបញ្ជាក់ការប្តេជ្ញាចិត្ត របស់សហព័ន្ធអេមីរ៉ាតអារ៉ាប់រួម ក្នុងការពង្រឹងកិច្ច សហប្រតិបត្តិការទ្វេភាគីលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្ស រួមទាំងការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងកិច្ចសហការគាំទ្រការស្រាវជ្រាវ និងនវានុវត្តន៍៕
លោក បានលើកឡើងថា «យើងត្រៀមខ្លួន ជាស្រេចក្នុងការចែករំលែកបទពិសោធន៍ និងកសាងភាពជាដៃគូដ៏រឹងមាំ ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ ជាពិសេសលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការអភិវឌ្ឍធនធានយុវជនជំនាន់ក្រោយ»៕









