Feature

ព្រះមហាក្សត្រ ៖ សម្តេចតេជោ-សម្តេចធិបតី ធ្វើឱ្យពិភពលោក ទទួលស្គាល់សម្បត្តិវប្បធម៌របស់ខ្មែរ

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូល កោតសរសើរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានធ្វើឱ្យពិភពលោក ទទួលស្គាល់សម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រ ជាកេរដំណែលដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរ ។

ក្នុងព្រះរាជសារអបអរសាទរ ខួបជាប្រវត្តិសាស្ត្រ៩ឆ្នាំ នៃការចុះបញ្ជី តំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ – ៨ កក្កដា ២០២៦) ព្រះមហាក្សត្រ កម្ពុជាមានព្រះរាជបន្ទូល កោតសរសើរ ប្រជាជាតិកម្ពុជា ទាំងមូល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឆ្នើមឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចតេជោ និងបន្តមកបច្ចុប្បន្នសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល បានធ្វើឱ្យពិភពលោកព្រម ទទួលស្គាល់សម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រ ជាកេរដំណែល ដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកសម្រាប់ មនុស្សជាតិជំនាន់ក្រោយ ។
ព្រះមហាក្សត្រមានព្រះរាជបន្ទូល ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងគាំទ្រជាខ្លាំងចំពោះកិច្ចថែរក្សាបន្តចំពោះសម្បត្តិវប្បធម៌ ។

ព្រះមហាក្សត្រ ក៏បានមានព្រះរាជបន្ទូលកោតសរសើរ ចំពោះការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅខេត្តកំពង់ធំ ឱ្យបានស្ថិតស្ថេរ គង់វង្សនិងប្រកបដោយចីរភាព នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។ កិច្ចការអភិរក្សនិងអភិវឌ្ឍន៍ បេតិកភណ្ឌ ជាកិច្ចការគ្មានទីបញ្ចប់ ដែលទាមទារឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ជាពិសេសគឺស្រទាប់យុវជនជាអ្នកបន្តវេន ៕

To Top