រដ្ឋមន្រ្តី ហួត ហាក់ ៖ ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ប្រកបដោយចីរភាព មិនអាចសម្រេចបាន ដោយភាគីណាមួយ តែម្នាក់ឯងនោះទេ
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ប្រកបដោយចីរភាព មិនអាចសម្រេចបាន ដោយភាគីណាមួយតែម្នាក់ឯងនោះទេ គឺចាំបាច់ទាមទារត្រូវមានភាពជាដៃគូរវាងរដ្ឋ វិស័យឯកជន សហគមន៍ និងដៃគូអភិវឌ្ឍ (Public-Private-Community Partnership) ។

ការលើកឡើងរបស់លោក ហួត ហាក់ ធ្វើឡើងក្នុងសិក្ខាសាលាជួបជុំ និងចែករំលែកបទពិសោធ រវាងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ទូទាំងប្រទេស កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីស្វែងយល់អំពីចំណុចខ្លាំង កាលានុវត្តភាព បញ្ហាប្រឈម ផ្លាស់ប្តូរទស្សនវិស័យ ព្រមទាំងដាក់ចេញនូវអនុសាសន៍ និងដំណោះស្រាយជាក់ស្តែង សំដៅបន្តពង្រឹងការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ប្រកបដោយគុណភាព ចីរភាព និងបរិយាបន្ន ព្រមទាំងជំរុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត ឱ្យធ្វើដំណើរមកកាន់សហគមន៍ដោយផ្ទាល់ និងបង្កើនផលប្រយោជន៍សេដ្ឋកិច្ចជាអតិបរមា ជូនប្រជាសហគមន៍នៅមូលដ្ឋាន តាមរយៈ ការធានាឱ្យមានការចែករំលែកអត្ថប្រយោជន៍សេដ្ឋកិច្ច ប្រកបដោយ សមធម៌ តម្លាភាព គណនេយ្យភាព និងបរិយាបន្ន ស្របតាម គោលការណ៍អភិវឌ្ឍន៍ប្រកបដោយចីរភាព។

ក្នុងឱកាសនេះ លោកមរដ្ឋមន្រ្តី ហួត ហាក់ បានលើកឡើងថា សហគមន៍ទេសចរណ៍ និងសហគមន៍អេកូទេសចរណ៍ ដែលជានិច្ចជាកាលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ពេលវេលា និងធនធានសព្វគ្រប់បែបយ៉ាង ព្រមទាំងបានដើរតួនាទីជាប្រតិបត្តិករជួរមុខ និងជារបាំង ដើម្បីការពារធនធានធម្មជាតិ សម្បត្តិបេតិកភណ្ឌវប្បធម៌ និងជួយជំរុញវិស័យទេសចរណ៍ នៅក្នុងមូលដ្ឋានរបស់ខ្លួន។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានដាក់ចេញអនុសាសន៍ និងទិសដៅប្រតិបត្តិសំខាន់ៗ ដើម្បីជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នៅកម្ពុជា ឱ្យកាន់តែមានគុណភាព ចីរភាព និងប្រកបដោយបរិយាបន្ន។

លោក ហួត ហាក់ ក៏បានគូសបញ្ជាក់ថា ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ប្រកបដោយចីរភាព មិនអាចសម្រេចបាន ដោយភាគីណាមួយតែម្នាក់ឯងនោះទេ គឺចាំបាច់ទាមទារត្រូវមានភាពជាដៃគូរវាងរដ្ឋ វិស័យឯកជន សហគមន៍ និងដៃគូអភិវឌ្ឍ (Public-Private-Community Partnership) ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីទេសចរណ៍ដ៏រឹងមាំ បង្កើតខ្សែចង្វាក់តម្លៃទេសចរណ៍ និងធានាឱ្យអត្ថប្រយោជន៍សេដ្ឋកិច្ច បានទៅដល់ប្រជាសហគមន៍មូលដ្ឋានដោយផ្ទាល់ ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងការចំណាកស្រុក ព្រមទាំងរួមចំណែកទប់ស្កាត់ការប្រព្រឹត្តបទល្មើស និងការទន្ទ្រានធនធានធម្មជាតិ ស្របតាមគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព៕














