កូនត្រីជាង១០មុឺនក្បាល ត្រូវបានលែង ក្នុងតំបន់អភិវឌ្ឍន៍ព្រៃស្នួល ជាលើកទី៤
តាកែវ៖ តបតាមការស្នើសុំ របស់ប្រជាពលរដ្ឋ លោក ពុំ សុថា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានចាត់តាំងមន្រ្តី នាំយកកូនត្រី ជាង១០មុឺនក្បាល មកលែងនៅក្នុងតំបន់អភិវឌ្ឍន៍ព្រៃស្នួល ស្ថិតនៅភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។

លោក លន់ ប៊ុនថន ប្រធានការិយាល័យផលិតពូជត្រី សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កូនត្រីទាំង១០២ ០០០ក្បាល ក្នុងនោះរួមមាន ត្រីឆ្ពិន៦៥ ០០០ ត្រីប្រានិងត្រីពោ១៥ ០០០ ត្រីអណ្ដែង១០ ០០០ និងត្រីក្រាញ់១២ ០០០ក្បាល។

តំណាងឱ្យរដ្ឋបាលជលផល លោក លន់ ប៊ុនថន ក៏បានសន្យាថា នឹងនាំយកកូនត្រីជាច្រើនប្រភេទទៀត មកលែងនៅក្នុងតំបន់នេះ ជារៀងរាល់ឆ្នាំ ហើយលោកក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ជួយថែរក្សាការពារ ចូលរួមទប់ស្កាត់បទល្មើសនេសាទ និងហាមដាច់ខាតការឆក់ឬដាក់ស្បៃមុងជាដើម។

ជំនួសមុខឱ្យអ្នកភូមិព្រៃស្នួលភាគច្រើន លើសលប់ លោក សយ សុភាព បានថ្លែងអំណរគុណ លោក ពុំ សុថា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មន្រ្តីផលផលរបស់លោកគ្រប់ លំដាប់ថ្នាក់ដែលបានផ្តល់កូនត្រីជាង១០មុឺនក្បាល មកលែងជាលើកទី៤ ក្នុងតំបន់នេះ។
ជាមួយគ្នានេះលោក សយ សុភាព ក៏បានអរគុណដល់អាជ្ញាធរឃុំ-ស្រុក និងខេត្តតាកែវ ដែលតែងតែផ្តល់ការគាំទ្រ ការអភិវឌ្ឍន៍ផ្ទាល់ ដល់ភូមិព្រៃស្នួល។

ឆ្លៀតក្នុងឱកាសនេះ លោក សយ សុភាព ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ នាំគ្នាជួយថែរក្សាបរិស្ថាន និងត្រៀមបើកចិត្តទទូលយកសមិទ្ធផលផ្សេងៗទៀត ក្រៅពីកូនត្រី នាថ្ងៃនេះ ដែលបច្ចុប្បន្នកំណើននៃរោងចក្រ បានកើតឡើងច្រើននៅក្នុងមូលដ្ឋានភូមិព្រៃស្នួល និយាយជារួមក្នុងឃុំរៀង ស្រុកសំរោង ខេត្តតាកែវ ។
សូមបញ្ជាក់ថា នេះជាលើកទី៤ហើយ ដែលអគ្គនាករដ្ឋបាលជលផល បាននាំយកកូនត្រីមកលែងនៅ តំបន់អភិវឌ្ឍន៍ព្រៃស្នួលព្រៃស្នួល៕

























