Feature

ស.ស.យ.ក.នឹងពង្រីកសមាជិក រហូតដល់១លាននាក់

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)បានឱ្យដឹងថា ស.ស.យ.ក. នឹងពង្រីកសមាជិក ឱ្យបានចំនួន១លាននាក់ នៅត្រឹមឆ្នាំ២០២៨ខាងមុខ ។

ក្នុង «ពិធីប្រកាសទទួលស្គាល់សមាសភាព ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យព័ត៌មាន» លោក ហ៊ុន ម៉ានី លើកឡើងថា នៅក្នុងបរិបទដែលពិភពលោក បាននិងកំពុងវិវឌ្ឍន៍យ៉ាងឆាប់រហ័ស ជាមួយនឹងភាពមិនប្រាកដប្រជា នៃស្ថានភាពសង្គម សេដ្ឋកិច្ច ស.ស.យ.ក. ចាំបាច់ត្រូវពង្រឹងនិងអភិវឌ្ឍន៍ ស្ថាប័នបន្ថែមទៀត ដើម្បីបន្តសម្រេចបុព្វហេតុ និងបេសកកម្មខ្លួន ដោយបន្តថែរក្សាកេរ្តិ៍តំណែល ដែលបន្សល់ទុកពីអតីតយុទ្ធជន និងបន្តកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត ។

លោកថា “ឈរលើស្មារតីបុរេសកម្ម និងយោងស្មារតីនៃកិច្ចប្រជុំគណៈកម្មាធិការកណ្តាលនៃខែមិថុនា ឆ្នាំ២០២៥ ស.ស.យ.ក. បានអនុម័ត និងដាក់ប្រកាសជាផ្លូវការឯកសារផែនទីបង្ហាញផ្លូវសហភាពសហព័ន្ធយុវជនកម្ពុជា២.០ឆ្ពោះទៅឆ្នាំ២០២៨ ស.ស.យ.ក. កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកសារផែនទីបង្ហាញផ្លូវនេះ បានដាក់ចេញនូវគោលដៅចំនួន២ គឺទី១ពង្រឹងនិងពង្រីកសមាជិកភាពស.ស.យ.ក. ឱ្យបាន១លាននាក់ត្រឹមឆ្នាំ២០២៨”។

ជាមួយគ្នានេះ លោកក៏បានកំណត់ផែនការពង្រីកសកម្មភាពការងាររបស់ស.ស.យ.ក.ដោយជំរុញការធ្វើទំនើបកម្ម និងនវានុវត្តន៍ប្រព័ន្ធការងារ ក្នុងការគាំទ្រទៅដល់ការអនុវត្តគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ។

លោកបញ្ជាក់ថា គិតមកទល់ពេលនេះ តួលេខបានមកពីរចនាសម្ព័ន្ធរបស់ស.ស.យ.ក.គឺសមាជិកស.ស.យ.ក. មានប្រមាណជា៣៥ម៉ឺននាក់ ។ ដូច្នេះក្នុងនាមឯកឧត្តមជាអ្នកដឹកនាំរបស់ស.ស.យ.ក. នឹងដាក់គោលដៅរហូតដល់១លាននាក់នេះ គឺមិនមែនជារឿងសាមញ្ញ និងងាយស្រួលនោះទេ ព្រោះមានក្រុមការងារមួយបានចុះទៅធ្វើការស្ទង់មតិដោយកំណត់លើប្រជាសាស្រ្តអាយុ និងកម្រិតការសិក្សារបស់យុវជនផងដែរ ៕

To Top