Feature

សម្តេចតេជោ ៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពង្រឹងការទប់ស្កាត់ រាល់បទល្មើសធនធានធម្មជាតិ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅខេត្តរតនគិរី ត្រូវពង្រឹងកិច្ចការពារ អភិរក្ស និងទប់ស្កាត់រាល់បទល្មើស ធនធានធម្មជាតិនានា ។

ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តរតនគិរី នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ សម្តេចតេជោ អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យពង្រឹងកិច្ចការពារ អភិរក្ស និងទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិនានា។

សម្ដេចតេជោក៏បានក្រើនរំលឹកដល់មន្ត្រីទាំងអស់ ត្រូវយកចិត្តទុកដាក់លើការងារមូលដ្ឋាន មិនត្រូវឱ្យមានភាពថ្នាំងថ្នាក់ដល់ទឹកចិត្តប្រជាពលរដ្ឋ និងត្រូវចាំថា មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ។

សម្ដេចតេជោ ក៏បានបន្តឱ្យអាជ្ញាធរខេត្តរតនគិរី ត្រូវបង្កើនកិច្ចសហប្រតិបត្តិការតាមព្រំដែន ជាមួយប្រទេសវៀតណាម និងឡាវ ដែលជាប់នឹងព្រំដែនកម្ពុជា ធ្វើឱ្យព្រំដែននៃប្រទេសទាំងបី នៅតែជាព្រំដែនសន្តិភាព និងសហប្រតិបត្តិការ ជាពិសេសដើម្បីជំរុញ សេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងបី កាន់តែល្អប្រសើរ ។

សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ ដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តរតនគិរី ដែលបានរួមសហការគ្នា អភិវឌ្ឍខេត្តនេះ ឱ្យទទួលបាននូវការរីកចម្រើន ជាបន្តបន្ទាប់ និងជូនពរឱ្យមន្ត្រីរាជការទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន ៕

To Top