ប្រឡាយម័ល ត្រូវបានស្តារសំរាម និងភក់ បានជិត១ពាន់ម៉ែត្រ ក្នុងរយៈពេល១៤ថ្ងៃ ក្នុងគោលដៅរំដោះជំនន់ទឹកភ្លៀង នាក្នុងរដូវវស្សា
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រុមការងារខណ្ឌដង្កោ បានស្តារកាយភក់ និងសំរាម ចេញពីប្រឡាយម័ល បានចំនួន១៤ថ្ងៃហើយ ដោយសម្រេចការងារបានប្រវែង ៧៩០ម៉ែត្រ ដើម្បីត្រៀមរំដោះជំនន់ទឹកភ្លៀង នាក្នុងរដូវវស្សានេះ។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ការងារស្តារប្រឡាយម័ល ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ដែលមានប្រវែងសរុប ៣៣០០ម៉ែត្រ ទទឹង ២៥ម៉ែត្រទៅ ៣០ម៉ែត្រ ក្រុមការងារបានស្តារកាយភក់ និងសំរាមចេញពីប្រឡាយនេះ តាំងពីថ្ងៃ២៥ ខែមិថុនា ឆ្នាំ ២០២៦ ដោយប្រើប្រាស់គ្រឿងចក្រចំនួន២គ្រឿង។ ពោះមុខគិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះមានរយៈពេល ១៤ថ្ងៃហើយ ការងារស្តារសម្រេចបានប្រវែង ៧៩០ម៉ែត្រ ។

លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងការងារនេះដែរ ក្រោយការស្តារសំរាមចេញរួចរាល់ ក្រុមការងារ នឹងបន្តបុកស៊ីផាយ ដើម្បីបញ្ចប់នៅចំណុចដែលនៅសេសសល់ ។ ការងារទាំងនេះ ធ្វើឡើងក្រោមការយកចិត្តទុកដាក់ និងការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងផែនការត្រៀមរំដោះជំនន់ទឹកភ្លៀង បញ្ចៀសការជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងរដូវវស្សានេះ។
បន្ថែមលើនេះ លោក ស្រី ដោ សម្ផស្ស ក៏បានអំពាវនាវ ឱ្យបងប្អូនប្រជាពលររដ្ឋនៅជាប់ប្រឡាយ ចូលរួមថែរក្សាប្រឡាយដែលបានស្តាររួច ដោយទុកដាក់សំរាម វេចខ្ចប់ឱ្យបានត្រឹមត្រូវ ដើម្បីអនាម័យបរិស្ថាន និងបញ្ចៀសកាលិចលង់ និងសោភណ្ឌភាព រាជធានីភ្នំពេញផងដែរ៕














