Feature

ក្រសួងទេសចរណ៍ ទទួលយកមតិយោបល់ស្ថាបនា ដើម្បី​កែសម្រួលការប្រើប្រាស់ អភិក្រម​ «នាំកង្កែបចេញពី អណ្តូង» ឱ្យសមស្រប និងគ្រប់ជ្រុងជ្រោយ

ភ្នំពេញ​៖ បន្ទាប់ពីដាក់ចេញនូវអភិក្រម ដោយប្រើប្រាស់ឃ្លាធៀប «ការនាំកង្កែបចេញពី អណ្តូង» ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសាធារណជន ក្រសួងទេសចរណ៍ ទទួលយកនូវរាល់មតិយោបល់ស្ថាបនា ដើម្បីកែសម្រួលការប្រើប្រាស់ អភិក្រមនេះ ឱ្យបានកាន់តែសមស្រប និងមានភាពគ្រប់ជ្រុងជ្រោយជាងមុន។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ការចូលរួមទាំងអស់គ្នា​ ដើម្បីវិស័យទេសចរណ៍កម្ពុជា នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ក្នុងគោលបំណងជំរុញ ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍វប្បធម៌ និងធម្មជាតិរបស់កម្ពុជា ទៅកាន់ពិភពលោកឱ្យបានកាន់តែ ទូលំទូលាយ កន្លងមក ក្រសួងបានដាក់ចេញនូវអភិក្រមមួយ ដោយប្រើប្រាស់ឃ្លាធៀប ការនាំកង្កែបចេញពី អណ្តូង ។

បន្ទាប់ពីការការប្រើប្រាស់ឃ្លានេះ ក្រសួងទេសចរណ៍ សង្កេតឃើញថា បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសាធារណជន ប៉ុន្តែក៏មានការបកស្រាយ និងយល់ន័យផ្សេងៗគ្នា ពីគោលបំណងដើមពិតប្រាកដផងដែរ។

ដោយឈរលើស្មារតីបើកចំហ តម្លាភាព និងការស្តាប់មតិយោបល់​ ពីគ្រប់មជ្ឈដ្ឋាន ក្រសួងទេសចរណ៍ សូមថ្លែងអំណរគុណ និងសូមទទួលយកនូវរាល់មតិយោបល់ស្ថាបនាទាំងនោះ ដើម្បីកែសម្រួលការប្រើប្រាស់ អភិក្រមខាងលើឱ្យបានកាន់តែសមស្រប និងមានភាពគ្រប់ជ្រុងជ្រោយជាងមុន។ ការកែលម្អនេះ នឹងឆ្លុះបញ្ចាំង អំពីស្មារតីរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការលើក កម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនអន្តរជាតិមកកម្ពុជាឱ្យ បានកាន់តែច្រើនឡើងថែមទៀត។

ទន្ទឹមនេះ ក្រសួងទេសចរណ៍ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលកន្លងមកបានចូលរួមយ៉ាងសកម្ម នៅក្នុងការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ និងលើកកម្ពស់វិស័យ ទេសចរណ៍កម្ពុជា។

ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» និង ក្រោមការដឹកនាំប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងទេសចរណ៍ មានជំនឿយ៉ាងមុតមាំថា ការបន្តរួបរួមសាមគ្គីជាធ្លុងមួយ របស់បងប្អូនជនរួមជាតិទាំងអស់ នឹងក្លាយជាកម្លាំងចលករ រុញច្រានវិស័យទេសចរណ៍កម្ពុជា ឱ្យសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀត ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋគ្រប់រូប៕

To Top