Feature

លោក ឃួង ស្រេង ឱ្យអាជ្ញាធររៀបចំសណ្តាប់ធ្នាប់ ចំពោះអ្នកលក់ដូរ បែបអាណាធិបតេយ្យ លើដងផ្លូវនិងចិញ្ចើមផ្លូវ ការពារបាត់បង់សោភណ្ឌភាពក្រុង

ភ្នំពេញ៖ លោក ឃួង ស្រេង បានណែនាំឱ្យ អាជ្ញាធរខណ្ឌ ចៅសង្កាត់ ត្រូវរៀបចំសណ្តាប់ធ្នាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យល្អ ពិសេសចំពោះអ្នកលក់ដូរ បែបអាណាធិបតេយ្យ លើដងផ្លូវនិងចិញ្ចើមផ្លូវ ដែលធ្វើឱ្យរាជធានីភ្នំពេញ បាត់បង់សោភណ្ឌភាព។

ការណែនាំរបស់ លោក ឃួង ស្រេ​ង សមាជិកគណៈកម្មាធិការ កណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានធ្វើឡើងក្នុងពិធីសំណេះសំណាល ជាមួយសមាជិក សមាជិការ គណៈកម្មាធិការគណបក្ស សង្កាត់បឹងកេងកង៣ សង្កាត់អូឡាំពិក និងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង នៅសាលាប៊ែលធី ខណ្ឌបឹងកេងកង ក្រោយបញ្ចប់ម៉ោងការងាររដ្ឋបាល នាល្ងាចថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។

លោក ឃួង ស្រេង បានលើកឡើងថា អាជ្ញាធរខណ្ឌ សង្កាត់ ត្រូវពិនិត្យមើលជាប្រចាំ ចំពោះប្រព័ន្ធលូ ផ្លូវ និងសណ្តាប់ធ្នាប់សាធារណៈ​ នៅក្នុងមូលដ្ឋានរបស់ខ្លួន មិនអាចឱ្យរាជធានីភ្នំពេញ បាត់បង់សោភណ្ឌភាពនោះទេ។ ក្នុងនាមអាជ្ញាធរ ត្រូវដឹងថា ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ គឺជាឧត្ដមភាពនៃសន្លឹកឆ្នោត។ ការរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អ វាមិនធ្វើឱ្យបាត់បង់សន្លឹកឆ្នោតនោះទេ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការងារនេះត្រូវធ្វើដោយភាពរលូន ដោយត្រូវផ្សព្វផ្សាយឱ្យបានច្រើន មុនចាប់ផ្តើមអនុវត្ត។

លោក​ ឃួង ស្រេង បានបន្តថា ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ សព្វថ្ងៃនេះបាននិងកំពុងរស់នៅក្នុងភាពស៊ីវិល័យ ទៅតាមការរីកចម្រើន លើគ្រប់វិស័យរបស់ប្រទេសជាតិ ហើយរាជធានីភ្នំពេញ ក៏បានក្លាយជាទីក្រុង គោលដៅទេសចរណ៍ដ៏ល្អបំផុតផងដែរ។ ដូច្នេះត្រូវរួមគ្នា ដើម្បីឱ្យរាជធានីភ្នំពេញ មានសណ្តាប់ធ្នាប់ អនាម័យ បរិស្ថានល្អ ។

ក្នុងឱកាសនោះ លោក ឃួង ស្រេង បានណែនាំឱ្យ សមាជិក សមាជិការ បក្សសង្កាត់និងខណ្ឌត្រូវបម្រើសេវាសាធារណៈ​ ជូនប្រជាពលរដ្ឋឱ្យបានល្អ ហើយលឿន មិនត្រូវយកសេវាក្រៅច្បាប់ ដោយត្រូវអនុវត្តប្រសាសន៍ របស់សម្ដេចធិបតីហ៊ុន ម៉ាណែត គឺធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះស្នើរសុំគោលការណ៌៕

To Top