ចិន នឹងបន្តគាំទ្រយ៉ាងមុតមាំ ចំពោះប្រតិបត្តិការបោសសម្អាតមីន និងជួយកម្ពុជា សម្រេចបាននូវគោលដៅគ្មានមីន ឱ្យបានឆាប់រហ័ស
ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ប្រទេសចិននឹងបន្តគាំទ្រយ៉ាងមុតមាំចំពោះប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា និងជួយកម្ពុជាសម្រេចបាននូវគោលដៅគ្មានមីនឱ្យបានឆាប់រហ័ស។ នេះបើយោងតាមសំណេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ឯកអគ្គរដ្ឋទូតចិន។

លោកថា រូបលោកពិតជារីករាយណាស់ ដែលបានចូលរួមពិធីបិទបញ្ចប់គម្រោង សហប្រតិបត្តិការបោសសម្អាតមីន ឡានឆាង-មេគង្គ ជាមួយលោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន។ ចាប់តាំងពីឆ្នាំ ២០១៨ មក ភាគីចិនបានជួយកម្ពុជា ក្នុងការបោសសម្អាតមីន និងតំបន់ដែលរងការបំពុល ដោយយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ១៩០ គីឡូម៉ែត្រការ៉េ ដោយបានរកឃើញនិងបំផ្លាញមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ១០៤០០០ គ្រាប់ ដែលផ្តល់អត្ថប្រយោជន៍ ដល់មនុស្សជាង ១.៤ លាននាក់៕













