សមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាព កម្ពុជា-ចិន ទទួលការគាំទ្រ ពីមូលនិធិចិន ដើម្បីផ្លាស់ប្តូរវប្បធម៌អន្តរជាតិ កែលម្អបណ្ណាល័យ សាលាបឋមសិក្សាបន្ទាយសំរ៉ែ
សៀមរាប ៖ សមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន បានទទួលការគាំទ្រពីមូលនិធិចិនដើម្បីផ្លាស់ប្តូរវប្បធម៌អន្តរជាតិ ក្នុងការអនុវត្តគម្រោងកែលម្អ បណ្ណាល័យសាលាបឋមសិក្សាបន្ទាយសំរ៉ែ ស្រុកបន្ទាយស្រី ខេត្តសៀមរាប តបតាមសំណើ របស់រដ្ឋបាលស្រុកបន្ទាយស្រី ក្នុងគោលបំណង លើកកម្ពស់បរិយាកាសសិក្សា និងជំរុញវប្បធម៌អំណាន សម្រាប់សិស្សានុសិស្សនៅតំបន់ជនបទ ។

កាលពី ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ លោក ងន ប៊ុនធី អភិបាលរងស្រុកបន្ទាយស្រី តំណាងលោក រិន ឡូត អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី បានអញ្ជើញចុះពិនិត្យ ការបើកការដ្ឋានជួសជុលបណ្ណាល័យ ដោយបានវាយតម្លៃខ្ពស់ចំពោះការចាប់ផ្តើមអនុវត្តគម្រោង ដែលនឹងរួមចំណែក លើកកម្ពស់គុណភាពអប់រំ និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការសិក្សារបស់សិស្ស។

លោក តាន់ ប៊ុនហ៊ុយ នាយកសាលាបឋមសិក្សាបន្ទាយសំរ៉ែ បានថ្លែងថា អគារបណ្ណាល័យដែលបានប្រើប្រាស់អស់រយៈពេលជាច្រើនឆ្នាំ មានសភាពទ្រុឌទ្រោម និងត្រូវការជួសជុលជាបន្ទាន់។ គម្រោងនេះនឹងធ្វើការផ្លាស់ប្តូរដំបូលថ្មី លាបថ្នាំអគារឡើងវិញ ជួសជុលទ្វារ និងបង្អួច ព្រមទាំងកែលម្អជញ្ជាំងទាំងស្រុង ដើម្បីប្រែក្លាយបណ្ណាល័យឱ្យទៅជាកន្លែងអាន និងសិក្សាដែលមានសោភ័ណភាព សុវត្ថិភាព និងអំណោយផលសម្រាប់សិស្សានុសិស្ស។

ក្នុងឱកាសនោះ លោក ងន ប៊ុនធី និងលោក តាន់ ប៊ុនហ៊ុយ ក្នុងនាមរដ្ឋបាលស្រុក សាលារៀន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាអ្នកទទួលផល បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដែលបានខិតខំសម្របសម្រួល និងកៀរគរធនធានពីមូលនិធិចិនដើម្បីផ្លាស់ប្តូរវប្បធម៌អន្តរជាតិ មកអនុវត្តគម្រោងដ៏មានអត្ថន័យនេះ។ លោកបណ្ឌិត ជា មុនីឫទ្ធិ តែងតែផ្តល់អាទិភាពខ្ពស់ដល់ការលើកកម្ពស់វិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងការជំរុញវប្បធម៌អំណាននៅតាមសហគមន៍ជនបទ ដែលស្របតាមទិសដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ងន ប៊ុនធី បានមានប្រសាសន៍ថា ការគាំទ្ររបស់សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងមូលនិធិចិនដើម្បីផ្លាស់ប្តូរវប្បធម៌អន្តរជាតិ មិនត្រឹមតែជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធអប់រំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីស្មារតីមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងចិន ក្នុងការវិនិយោគលើអនាគតរបស់យុវជនជំនាន់ក្រោយ។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៧មក រដ្ឋបាលស្រុកបន្ទាយស្រី បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍស្រុកបន្ទាយស្រីលើវិស័យអប់រំ សុខាភិបាល អភិវឌ្ឍសហគមន៍ ការថែរក្សាវប្បធម៌ និងសកម្មភាពមនុស្សធម៌ជាច្រើន។ កិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ទាំងនេះ បានរួមចំណែកពង្រឹងចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ និងនាំមកនូវផលប្រយោជន៍ ជាក់ស្តែងដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕














