Feature

សហជីពនៅរោងចក្រខូហ្ស៊ី នីត ទាត់ចោល ការលើកឡើងថា ការបិទផ្លូវជាតិលេខ ៣ របស់បងប្អូនកម្មករ ដោយសារការបណ្តេញសហជីព “ត្បិតជារឿងមិនពិត ព្រោះមិនមានការជជែក លើករណីនេះឡើយ”

ភ្នំពេញ៖ លោក ឈុំ វាសនា ប្រធានសហភាពសហជីព យុវជនកម្មករកម្ពុជា (CYTUC)នៅថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានទាត់ចោលការផ្សព្វផ្សាយ និងការលើកឡើងថា ការបិទផ្លូវជាតិលេខ៣របស់បងប្អូនកម្មករ ដោយសារការបណ្តេញសហជីព ។ សម្រាប់ប្រធានសហជីពដែលមានមូលដ្ឋាននៅក្នុងរោងចក្រខាងលើនេះ ការផ្សាយមានចេតនាបំភ្លៃការពិត និងបានបង្កើតឱ្យមានការយល់ច្រឡំ ព្រោះមិនមានរបៀបវារៈ ស្តីពីការបណ្តេញសហជីព ក្នុងការជជែកឡើយ ដោយសារមិនមានសហជីពណាម្នាក់ត្រូវបានបណ្តេញចេញ ។

លោក ឈុំ វាសនា៖ “ក្នុងនាមជាសហជីពមូលដ្ឋាននៅក្រុមហ៊ុន ខូហ្ស៊ី នីត ដែលមានភាពជាតំណាងបំផុតខ្ញុំសូមបញ្ជាក់ថា ការលើកឡើងថាការបិទផ្លូវជាតិលេខ ៣ ដោយសារតែការរើសអើសសិទ្ធសេរីភាពសហជីពជារឿងមិនពិត ព្រោះការចរចានៅព្រឹកថ្ងៃពុធ មិនមានប្រធាន បទណាមួយជជែករឿងរើសអើងសហជីព ហើយក៏មិនមានសហជីព ណាម្នាក់ត្រូវបានក្រុមហ៊ុនបញ្ឈប់ដែរ” ។

ជាមួយគ្នានេះ លោកសូមអំពាវនាវ ដល់អង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានទាំងអស់ មេត្តាស្វែងរកព័ត៌មាន ដែលមានប្រភពច្បាស់លាស់ ធ្វើការពិភាក្សាជាមួយសហជីព មូលដ្ឋាននៅក្នុងក្រុមហ៊ុន ដើម្បីទទួលបានព័ត៌មាន ដែលមានតុល្យភាព និងជៀសវាងការផ្សព្វផ្សាយព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ ដែលអាចបង្កឱ្យមានការយល់ច្រឡំ ។

ការគូសបញ្ជាក់នេះ គឺធ្វើឡើងបន្ទាប់ពីការសង្គមស៊ីវិល និងសារព័ត៌មាន មួយចំនួន បានផ្សព្វផ្សាយថា ការឈានដល់ ការបិទផ្លូវជាតិលេខ៣ ពីសំណាក់បងប្អូន កម្មករនិយោជិតនៅរោងចក្រ ខូហ្ស៊ី នីត គឺដោយសារតែការ បណ្តេញកម្មករដែលជាសមាជិកសហជីព ។

សូមបញ្ជាក់ថា តាមរយៈការអន្តរាគមន៍សម្របសម្រួលភ្លាមៗ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការទាមទាររបស់បងប្អូនកម្មករ និយោជិតនៅរោងចក្រ ខូហ្ស៊ី នីត ត្រូវបានដោះស្រាយភា្លមៗនៅថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ដដែល លើចំណុចទាមទារចំនួន១៨ ខណៈដែលបងប្អូនកម្មករនិយោជិតនឹងចូលធ្វើការវិញនៅថ្ងៃស្អែកទី៩ ខែកក្កដា ឆ្នាំ២០២៦៕

To Top