Feature

កម្ពុជា-កេនយ៉ា បញ្ជាក់ពីសារៈសំខាន់​ នៃប្រព័ន្ធពហុភាគី និងច្បាប់អន្តរជាតិ

ភ្នំពេញ ៖ តំណាងកម្ពុជា និងតំណាងប្រទេសកេនយ៉ា ប្រចាំអង្គការសហប្រជាជាតិ(អ.ស.ប.) បានគូសបញ្ជាក់ពីសារៈសំខាន់ នៃប្រព័ន្ធពហុភាគី និងច្បាប់អន្តរជាតិ ។

ការបញ្ជាក់ពីគោលជំហររបស់ភាគីទាំងពីរនេះ ក្នុងជំនួបរវាងលោក កែវ ឈា ឯកអគ្គរាជទូត/តំណាងអចិន្រ្តៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងលោក Erastus Ekitela Lokaale ឯកអគ្គរដ្ឋទូត/តំណាងអចិន្រ្តៃយ៍កេនយ៉ា និងលោកស្រី Njoki Ndungu បេក្ខភាពកេនយ៉ា ជាចៅក្រមតុលាការឧក្រិដ្ឋកម្មអន្តរជាតិ សម្រាប់អាណត្តិ ២០២៧-២០៣៦។

នាឱកាសនៃជំនួបនោះ លោក កែវ ឈា បញ្ជាក់ថា កម្ពុជាជាប្រទេសតូច និងបានឆ្លងកាត់សង្រ្គាមស៊ីវិលជាច្រើនឆ្នាំ ។ ដូច្នេះកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវនីតិរដ្ឋ និងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី តាមរយៈយន្តការអន្តរជាតិនានា ដូចជាតុលាការយុត្តិធម៌អន្តរជាតិ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ។

ជាកិច្ចឆ្លើយតប ឯកអគ្គរដ្ឋទូតតំណាងអចិន្រ្តៃយ៍កេនយ៉ា បានឯកភាព និងបានបន្ថែមថា មានតែប្រទេសធ្លាប់ឆ្លងកាត់ស្ថានភាពលំបាកទាំងនេះទេ ទើបអាចយល់ច្បាស់ពីផលប៉ះពាល់មកលើសង្គមជាតិ។

ជាមួយគ្នានេះ ភាគីទាំងពីរក៏បានបញ្ជាក់អំពីសារៈសំខាន់នៃប្រព័ន្ធពហុភាគី និងច្បាប់អន្តរជាតិ សម្រាប់ដោះស្រាយជម្លោះនានា ជាពិសេសចំពោះប្រទេសតូច៕

To Top