Feature

ក្រសួងឧស្សាហកម្ម និងធនាគារពិភពលោក ពិនិត្យវឌ្ឍនភាព កំណែទម្រង់វិស័យទឹកស្អាត និងពង្រឹងភាពជាដៃគូ ឆ្ពោះទៅសម្រេចសកល កម្មសេវាទឹកស្អាត

ភ្នំពេញ ៖ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជួបពិភាក្សាការងារជាមួយលោក Guangzhe Chen អនុប្រធានទទួលបន្ទុកផ្នែក Planet នៃធនាគារពិភពលោក ដើម្បីពិនិត្យវឌ្ឍនភាពនៃកំណែទម្រង់វិស័យទឹកស្អាតរបស់កម្ពុជា ពង្រឹងអភិបាលកិច្ចក្នុងវិស័យ និងពន្លឿនការអនុវត្តគម្រោង ដែលកំពុងដំណើរការ សំដៅសម្រេចគោលដៅ ផ្ដល់ទឹកស្អាតជាសកល នៅកម្ពុជាត្រឹមឆ្នាំ២០៣០។

កិច្ចពិភាក្សាបានផ្តោតលើកិច្ចព្រមព្រៀងសន្តិសុខទឹករបស់កម្ពុជា (Cambodia Water Security Compact) ការបង្កើតនិយ័តករផ្គត់ផ្គង់ទឹកស្អាតឯករាជ្យ វឌ្ឍនភាពនៃគម្រោងដែលទទួលហិរញ្ញប្បទានពីធនាគារពិភពលោក និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ដើម្បីគាំទ្រដល់ការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យឧស្សាហកម្មកម្ពុជា។

លោក ហែម វណ្ណឌី មានប្រសាសន៍ថា «យើងមិនមែនកំពុងនិយាយ ត្រឹមតែអំពីសុខភាពសាធារណៈ ឬការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ។ សេវាផ្គត់ផ្គង់ទឹកដែលកាន់តែប្រសើរ គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការប្រែក្លាយសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសនៅតំបន់ជនបទ។ យើងប្តេជ្ញាចិត្តក្នុងការធ្វើកំណែទម្រង់វិស័យនេះ»។

លោក រដ្ឋមន្ត្រី បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបង្កើតនិយ័តករផ្គត់ផ្គង់ទឹកស្អាតឯករាជ្យ ពង្រឹងសមត្ថភាពប្រតិបត្តិករទឹកស្អាតសាធារណៈ និងឯកជន កាត់បន្ថយទឹកបាត់បង់ក្នុងប្រព័ន្ធ (Non-Revenue Water) និងពង្រីកហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងតម្រូវការកាន់តែកើនឡើងពីប្រជាពលរដ្ឋ និងវិស័យឧស្សាហកម្ម ខណៈដែលរក្សាបាននូវសេវាដែលមានតម្លៃសមរម្យ។

លោក Guangzhe Chen បានបញ្ជាក់ជាថ្មីអំពីការបន្តគាំទ្ររបស់ធនាគារពិភពលោកចំពោះវិស័យទឹកស្អាតនៅកម្ពុជា និងបានកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់កម្ពុជាក្រោមគំនិតផ្តួចផ្តើម Water Forward។

លោក Guangzhe Chen មានប្រសាសន៍ថា «កិច្ចព្រមព្រៀងសន្តិសុខទឹករបស់កម្ពុជា ត្រូវបានចាត់ទុកថាជាគំរូដ៏ល្អបំផុតមួយ ដែលយើងអាចចែករំលែកជាមួយប្រទេសដទៃទៀត។ យើងមានទិសដៅអាទិភាពស្របគ្នាជាមួយកម្ពុជា ហើយត្រៀមខ្លួនជាស្រេច ក្នុងការបន្តគាំទ្រកំណែ ទម្រង់វិស័យទឹកស្អាតរបស់កម្ពុជា»។

ភាគីទាំងពីរ បានឯកភាពបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីពន្លឿនការអនុវត្តគម្រោង ពង្រឹងស្ថាប័នក្នុងវិស័យទឹកស្អាត ទាក់ទាញការវិនិយោគ និងជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិសុខទឹករបស់កម្ពុជា ក្រោមគំនិតផ្តួចផ្តើម Water Forward៕

To Top