Feature

៦ខែ មានទណ្ឌិត ចូលរួមកម្មវិធីអប់រំកែប្រែ បំណិនជីវិត និងចលនាប្រឡងប្រណាំង កែប្រែខ្លួនជិត ២ពាន់នាក់

ភ្នំពេញ ៖ រយៈពេល ៦ខែ ឆ្នាំ២០២៦ មានទណ្ឌិតចូលរួមកម្មវិធីអប់រំកែប្រែក្រៅប្រព័ន្ធ កម្មវិធីបំណិនជីវិត និងចលនាប្រឡងប្រណាំងកែប្រែខ្លួន ចំនួន ១.៨៩៧នាក់ ក្នុងនោះមានស្ត្រីចំនួន ១៦៧នាក់។

ពួកគេ ត្រូវបានវាយតម្លៃថា មានការកែប្រែខ្លួនល្អ ប្រព្រឹត្តល្អ ហើយមួយចំនួន ត្រូវបានរៀបចំ លើកបញ្ជីឈ្មោះស្នើសុំបន្ធូរបន្ថយទោស និង លើកលែងទោស ។ នេះបើតាមរបាយការណ៍ អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ។

ជាមួយគ្នានេះដែរ មានទណ្ឌិតចំនួន ១.៧១២នាក់ បានចូលរួមក្នុងកម្មវិធី បណ្តុះបណ្តាលវិជ្ជាជីវៈ រយៈពេលខ្លីលើជំនាញចម្រុះ រៀបចំដោយអង្គភាពផ្ទាល់ និងក្រោមការគាំទ្រ ពីមជ្ឈមណ្ឌលជាតិ ព្រមទាំងអង្គការដៃគូនានា។

ដោយឡែក អគ្គនាយកដ្ឋានពន្ធនាគារ បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ការ និងគ្រប់គ្រងចំពោះជំងឺឆ្លង ព្រមទាំងយកចិត្តទុកដាក់ខ្ពស់លើអ្នកមានជំងឺដែលងាយប្រឈមគ្រោះថ្នាក់ដូចជាជំងឺបេះដូង វិបល្លាសស្មារតី និងជនជាប់ឃុំដែលគ្មានសាច់ញាតិជាទីពឹងពាក់។

របាយការណ៍បង្ហាញថា តាមរយៈការពង្រឹង សេវាប៉ុស្តិ៍សុខភាពពន្ធនាគារ និងការកែប្រែគុណភាពម្ហូប អាហារឱ្យកាន់តែប្រសើរឡើង ក្នុងឆមាសទី១នេះ ករណីសង្គ្រោះបន្ទាន់ ឬការបញ្ជូនជនជាប់ឃុំ ទៅព្យាបាលនៅមន្ទីរពេទ្យខាងក្រៅ ព្រមទាំងអត្រានៃការស្លាប់ ជារួមបានមានការថយចុះគួរឱ្យកត់សម្គាល់។

សូមរំលឹកថា គិតមកដល់បច្ចុប្បន្ន នៅទូទាំងប្រទេសមានជនជាប់ឃុំសរុបចំនួន ៦៧.៦៧៧នាក់ ក្នុងនោះមានស្ត្រីចំនួន ៤.៥៣០នាក់ រួមមាន ជនត្រូវចោទមានចំនួន ២២% ជនជាប់ចោទមានចំនួន ១០% ពិរុទ្ធជនមានចំនួន ៣៧% និងទណ្ឌិតមានចំនួន ៣១%៕

To Top