បណ្ឌិត យង់ ពៅ ៖ កម្ពុជា-អន្តរជាតិ មិនទទួលស្គាល់ការ ផ្លាស់ប្តូរបន្ទាត់ព្រំដែន
ភ្នំពេញ ៖ អ្នកជំនាញភូមិសាស្រ្តនយោបាយ លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា កម្ពុជានិងសហគមន៍ អន្តរជាតិ មិនទទួលស្គាល់ជាដាច់ខាត លើការផ្លាស់ប្តូរ ខ្សែបន្ទាត់ព្រំដែនកម្ពូជា-ថៃ ។
ការលើកឡើងបែបនេះ របស់អ្នកជំនាញ ភូមិសាស្រ្តនយោបាយ ដោយសារតែភាគីថៃ នៅតែបន្តបំពានរំកិល ខ្សែបន្ទាត់ព្រំដែន ក៏ដូចជាការចូលមកកាន់តែជ្រៅ លើការគ្រប់គ្រងដោយ ខុសច្បាប់លើទឹកដីកម្ពុជា ។
ក្នុងកិច្ចពិភាក្សាអំពីបញ្ហាព្រំដែនកម្ពុជា-ថៃលោកបណ្ឌិត យង់ ពៅ ថ្លែងថា កម្ពុជាមិនអាចទទួលយកបានជាដាច់ខាត ហើយពិភពលោកក៏មិនទទួលស្គាល់ដែរ ចំពោះការផ្លាស់ប្តូរខ្សែបន្ទាត់ព្រំដែនអន្តរជាតិដោយកម្លាំងយោធា ។
លោកបញ្ជាក់ថា “យើងមានរួចទៅហើយ សន្ធិសញ្ញា និងអនុសញ្ញាស្តីពីព្រំដែនអន្តរជាតិកម្ពុជានិងថៃ ដែលជាមរតកឥណ្ឌូចិន-សៀម ។ កម្ពុជាមិនអាចទទួលយកបាន ហើយពិភពលោកទាំងមូលក៏មិនទទួលយកបានដែរ ការផ្លាស់ប្តូរព្រំដែនអន្តរជាតិដោយកម្លាំងយោធា នៃប្រទេសមួយ ក្នុងខណៈដែលប្រទេសទាំងពីរនោះ មានព្រំដែនអន្តរជាតិរួចទៅហើយ” ។
ចំពោះឥរិយាបថគឃ្លើន និងបំពានពីសំណាក់ភាគីថៃ មកលើកម្ពុជា លោកបណ្ឌិតក៏បានរំលឹកកាលពីអតីតកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩៦២ ដែលមេដឹកនាំថៃ មិនទទួលយកសាលដីកា របស់តុលាការអន្តរជាតិ ដែលកាត់ក្តីឱ្យកម្ពុជា ឈ្នះក្តីលើការគ្រប់គ្រងប្រាសាទព្រះវិញ ប៉ុន្តែដោយមានសម្ពាធយ៉ាងធ្ងន់ធ្ងរ ពីអន្តរជាតិថៃ ក៏ព្រមទទួលយក ។
អ្នកជំនាញភូមិសាស្រ្ត នយោបាយបន្ថែមថា ដូច្នេះបច្ចុប្បន្ន ក៏ដូចគ្នាទៅនឹងកាលពីឆ្នាំ១៩៦២ដែរ តាមទិដ្ឋភាពច្បាប់អន្តរជាតិ ភាគីថៃមិនអាចគេចវេស បាននោះទេ ត្រូវតែទទួយកយន្តការអន្តរជាតិ ប៉ុន្តែជាក់ស្តែងភាគីថៃ នៅមានចេតនាគេច វេសពីឆន្ទះ នៃការដោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែន រវាងប្រទេសទាំងពីរទាំងព្រំដែនគោក និងព្រំដែនទឹក។ ដោយថៃបង្កហេតុម្តងហើយម្តងទៀត ដើម្បីញុះញង់ ឱ្យមានសង្គ្រាមកើតឡើងជាថ្មីទៀត ។
ចំពោះការគេចវេសនេះ ត្រូវបានលោកបណ្ឌិតមើលឃើញថា ថៃកំពុងតែប្រមាថជាតិសាសន៍ថៃខ្លួនឯង តាមរយៈមិនទទួលស្គាល់ នូវមរតករដ្ឋ ដែលមានការចុះកិច្ចព្រមព្រៀង ទទួលស្គាល់ព្រំដែន ដែលបានបន្សល់ទុក ពីសម័យបារាំង ៕









