Feature

រដ្ឋមន្ត្រី ហួត ហាក់ ៖ ក្រុមហ៊ុន Turkish Airlines រួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងការតភ្ជាប់រវាងកម្ពុជា-តួកគីយ៉េ និងជំរុញការអភិវឌ្ឍ វិស័យទេសចរណ៍

ភ្នំពេញ ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ក្រុមហ៊ុន Turkish Airlines ដែលពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងការតភ្ជាប់ រវាងប្រទេសទាំងពីរ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរ រវាងប្រជាជន និងប្រជាជន ។

ការលើកឡើង របស់លោករដ្ឋមន្ត្រី ហួត ហាក់ ខាងលើនេះ ធ្វើឡើងក្នុងឱកាសអនុញ្ញាតជូនលោក បណ្ឌិត Mesut Özcan ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគីយ៉ែប្រចាំកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​ ទេសចរណ៍ទ្វេភាគី ការជំរុញការអនុវត្តអនុស្សរណៈ នៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ការផ្សព្វផ្សាយគោលដៅទេសចរណ៍ ការផ្លាស់ប្តូរទស្សនកិច្ច រវាងប្រជាជន និងប្រជាជន ព្រមទាំងការទាក់ទាញភ្ញៀវទេសចរ និងការវិនិយោគរវាងប្រទេសទាំងពីរ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងនេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនតួកគីយ៉េ ដែលតែងតែគាំទ្រ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសការតភ្ជាប់ជើងហោះហើរ ត្រង់រវាងទីក្រុងអ៊ីស្តង់ប៊ុល និង រាជធានីភ្នំពេញ ដោយក្រុមហ៊ុន Turkish Airlines ដែលពិតជាបានរួម ចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងការតភ្ជាប់រវាងប្រទេសទាំងពីរ និង ជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ខណៈដែលឆ្នាំ២០២៥​ អាកាសយានដ្ឋានអន្តរជាតិតេជោ បានក្លាយជាកត្តាជំរុញដ៏សំខាន់ សម្រាប់ការពង្រីកការតភ្ជាប់ផ្លូវអាកាស និងលើកកម្ពស់វិស័យទេសចរណ៍ និងពាណិជ្ជកម្ម របស់កម្ពុជាទៅកាន់ពិភពលោក។

ជាមួយគ្នានេះ លោក បណ្ឌិត Mesut Özcan បានសម្តែងការកោតសរសើរ ចំពោះការរីកចម្រើន របស់វិស័យទេសចរណ៍កម្ពុជា និងលទ្ធផល នៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ក្រោមបរិយាកាសសន្តិភាព ស្ថិរភាព និងសន្តិសុខ ព្រមទាំងបានបញ្ជាក់ ពីការប្តេជ្ញាចិត្តរបស់ស្ថានទូត ក្នុងការបន្តធ្វើជាស្ពានសម្របសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគីយ៉េ ជាពិសេសលើវិស័យទេសចរណ៍ វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ការគាំទ្រចំពោះការជំរុញការអនុវត្ត អនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ការរៀបចំកិច្ចប្រជុំក្រុមការងារ ទេសចរណ៍កម្ពុជា-តួកគីយ៉េលើកទី១ ការផ្លាស់ប្តូរ ដំណើរទស្សនកិច្ចសិក្សា (FAM Trip) និងការរៀបចំវេទិកា វិនិយោគទេសចរណ៍ កម្ពុជា-តួកគីយ៉េ ដើម្បីរួមចំណែកជំរុញលំហូរភ្ញៀវទេសចរ និងការវិនិយោគរវាងប្រទេសទាំងពីរ ឱ្យកាន់តែមានសន្ទុះ។

ជាកិច្ចឆ្លើយតប លោក រដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាល និងប្រជាជនតួកគីយ៉េ ដែលបានបន្តគាំទ្រ និងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ព្រមទាំងបានស្នើស្ថានទូតតួកគីយ៉េ បន្តដើរតួនាទីជាស្ពាន សម្របសម្រួលជាមួយក្រសួងវប្បធម៌ និងទេសចរណ៍តួកគីយ៉េ ដើម្បីពន្លឿនការអនុវត្តអនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ តាមរយៈការរៀបចំកិច្ចប្រជុំ ក្រុមការងារទេសចរណ៍កម្ពុជា-តួកគីយ៉េលើកទី១ នាពេលឆាប់ៗ ខាងមុខ ព្រមទាំងបន្តជំរុញការផ្សព្វផ្សាយ សក្តានុពលទេសចរណ៍កម្ពុជា តាមរយៈការរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM Trip) សម្រាប់ប្រតិបត្តិករទេសចរណ៍ អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា និងការរៀបចំ វេទិកាវិនិយោគទេសចរណ៍កម្ពុជា-តួកគីយ៉េ ដើម្បីជំរុញការវិនិយោគ និងការភ្ជាប់ធុរកិច្ចក្នុងវិស័យទេសចរណ៍ រវាងប្រទេសទាំងពីរ។

គួរបញ្ជាក់ផងដែរថា កម្ពុជា និងតួកគី មានទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៥៩ និងបានចុះអនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ នៅឆ្នាំ២០១៨ ដែលជាមូលដ្ឋានដ៏សំខាន់ សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រទេសទាំងពីរ ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានផលប្រយោជន៍ទៅវិញទៅមក៕

To Top